កីឡាករហែលទឹកកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ ក្នុងព្រឹត្តិការណ៍ Asian Games ប្រទេសចិន
(កីឡាករហែលទឹក)៖ កាលពីពេលថ្មីៗនេះ កីឡាករហែលទឹកកូនកាត់ខ្មែរ-បារាំង កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ ដែលគ្រប់គ្នាហៅថា Antoine បានបំបែកកំណត់ត្រាជាតិលើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្របុរស បន្ទាប់ពីចាយពេលត្រឹម ២៦.៧៧វិនាទី នៅក្នុងការប្រកួតកីឡា Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។
គួររំលឹកថា កាលពីស៊ីហ្គេម លើកទី៣២ ក្នុងវិញ្ញាសាដូចគ្នានេះ កីឡាករកូនកាត់ខ្មែរ-បារាំងរូបនេះ បានប្រើថិរវេលា ២៦.៩៦វិនាទី តែពេលនេះ គេប្រើថិរវេលាត្រឹម ២៦.៧៧វិនាទីប៉ុណ្ណោះ ដែលនាំឲ្យគេបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ក៏ដូចជាបានបំបែកកំណត់ត្រាជាតិ ដោយបានក្លាយជាកីឡាករហែលទឹកកម្ពុជាដំបូង ដែលប្រើថិរវេលាតិចបំផុត។
ទោះបីជាបានបំបែកកំណត់ត្រាជាតិក៏ដោយ ប៉ុន្តែ Antoine មិនបានឡើងវគ្គបន្ដ ទៀតនោះទេ យ៉ាងណាថិរវេលា ដែលរូបគេធ្វើបានលើវិញ្ញាសាហែលផ្ងារ ៥០ម៉ែត្រ គឺប្រកៀកប្រកិតជាមួយបណ្ដាកីឡាករអាស៊ានផងដែរ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាហែលទឹកកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៤រូប ចូលរួមប្រកួតកីឡា Asian Games ក្នុងប្រទេសចិន ឆ្នាំនេះ៕