Close

Xabi Alonso នឹងជំនួសតំណែង Carlo Ancelotti ជាគ្រូបង្វឹក Real Madrid នៅរដូវកាលក្រោយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Xabi Alonso នឹងជំនួសតំណែង Carlo Ancelotti ជាគ្រូបង្វឹក Real Madrid នៅរដូវកាលក្រោយ Xabi Alonso នឹងជំនួសតំណែង Carlo Ancelotti ជាគ្រូបង្វឹក Real Madrid នៅរដូវកាលក្រោយ

អតីតវីរៈបុរសក្រុមហង្សក្រហម Liverpool កីឡាករ Xabi Alonso ត្រូវបានគេរំពឹងថា នឹងជំនួសកន្លែងលោក Carlo Ancelotti ជាគ្រូបង្វឹកក្រុម Real Madrid ចាប់ពីរដូវកាលក្រោយ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។

Xabi Alonso បានក្លាយជាអ្នកចាត់ការក្រុមឈុតធំដំបូងក្នុងរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីបានចូលដឹកនាំក្រុម Bayern Leverkusen កាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីគ្រប់គ្រងក្រុម Real Sociedad B អស់រយៈពេល ៣ឆ្នាំ។

យោងតាមការសែត MARCA ថ្នាក់ដឹកនាំរបស់ Real មិនខ្វល់ខ្វាយពីកង្វះបទពិសោធន៍ក្នុងការគ្រប់គ្រងរបស់ Alonso ឡើយ ហើយបានចាត់ទុកបុរសវ័យ ៤១ឆ្នាំរូបនេះជាជម្រើសដែលពួកគេពេញចិត្ត ដើម្បីក្លាយជាអ្នកស្នងតំណែងរបស់ Ancelotti ដែលនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលនៅមុនការប្រកួត Copa America 2024។

Alonso បានចំណាយពេល ៦រដូវកាល នៅ Santiago Bernabeu ក្នុងនាមជាកីឡាករ ដោយឈ្នះ LaLiga ក្នុងឆ្នាំ ២០១២ និង Champions League ១ដងផងដែរ។ ម្ចាស់ជើងឯក World Cup 2010 រូបនេះ បានចូលនិវត្តន៍នៅឆ្នាំ២០១៧ បន្ទាប់ពីលេងបាន ៣រដូវកាលនៅ Bayern Munich និងបានគ្រប់គ្រងក្រុមយុវជនរបស់ Real Madrid ផងដែរ មុនពេលគ្រប់គ្រងក្រុម Real Sociedad B។

កាលពីខែតុលា ឆ្នាំមុន Alonso បានជំនួសតំណែង លោក Gerardo Seoane នៅ Leverkusen ។ ស្ទើរតែមិនគួរឲ្យជឿ Alonso បានបង្កើតឥទ្ធិពលភ្លាមៗ ដោយបានដឹកនាំ Leverkusen ជាប់លេខ៦ ក្នុង Bundesliga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Europa League ទៀតផង។

បច្ចុប្បន្ន Leverkusen បានចាប់ផ្ដើមរដូវកាលដ៏អស្ចារ្យរបស់ខ្លួន ដោយឆ្លងកាត់ការប្រកួតចំនួន៥ ឈ្នះ៤ ស្មើ១ មាន ១៣ពិន្ទុ ឈរនៅលេខ២ ក្នុងតារាង Bundesliga។

ទន្ទឹមនឹងនោះ លោក Ancelotti ត្រូវបានគេរំពឹងថា នឹងចុះចេញពីតំណែងនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយត្រូវបានគេរំពឹងថា នឹងចូលកាន់តំណែងជាគ្រូបង្វឹកប្រេស៊ីល នៅមុនការប្រកួត Copa America ឆ្នាំ 2024 ។ Ancelotti បានជួយ Real ឈ្នះ LaLiga ក្នុងឆ្នាំ 2022 ហើយបានលើកពាន Champions League លើកទីពីររបស់គាត់ជាមួយក្លឹប ក្នុងរដូវកាលតែមួយ រួមជាមួយនឹង UEFA Super Cup និង FIFA Club World Cup ផងដែរ៕

អត្ថបទទាក់ទង