កម្ពុជា-អូស្រ្តាលី សហការគ្នាកែច្នៃចំណីអាហារ គាំទ្រសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ
ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានបើកដំណើរការភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីអភិវឌ្ឍផលិតផលថ្មី ទទួលបានស្ដង់ដាសុវត្ថិភាពអាហារ និងពង្រីកទីផ្សារ ។
ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាល អូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
កិច្ចការងារធំៗទាំង ៣ នៃភាពជាដៃគូនេះរួមមាន មូលនិធិកែច្នៃចំណីអាហារ ដោយនឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បី បង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ វិស័យសេវាកម្មកែច្នៃចំណីអាហារនឹជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។ និង
កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ -ចំណីអាហារ លើការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “អូស្ត្រាលី ប្តេជ្ញាគាំទ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឱ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវ សេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា”។
ជាមួយគ្នានេះ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបាន បានមានប្រសាសន៍ថា : “ស្របតាមចក្ខុវិស័យ និងរកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សាសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាំងក្នុងស្រុក និងក្រៅស្រុក មូលនិធិនេះនឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងផ្តល់ឱ្យពួកគេនូវធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ” ៕