Close

អាមេរិកកំពុងចរចាកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង F-16 ឲ្យវៀតណាម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកកំពុងចរចាកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង F-16 ឲ្យវៀតណាម អាមេរិកកំពុងចរចាកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង F-16 ឲ្យវៀតណាម

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័រកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសវៀតណាមកំពុងតែបន្តធ្វើការចរចាគ្នានៅឡើយចំពោះលទ្ធភាពនៃកិច្ចចុះកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំងអាមេរិកប្រភេទ F-16 ទៅឲ្យរដ្ឋាភិបាលទីក្រុងហាណូយ។

ប្រភពដដែលបានឲ្យដឹងដែរថាកិច្ចពិភាក្សាគ្នាដែលស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយនោះត្រូវបានគេមើលឃើញថាគឺជាប្រធានបទដ៏សំខាន់នៃដំណើរទស្សនកិច្ចរវាងក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរកាលពីខែមុនទាំងនៅក្នុងទីក្រុងវ៉ាស៊ិនតោនផងនីទីក្រុងញូយ៉កផង និងនៅក្នុងទីក្រុងហាណូយផង។

មន្ត្រីអាមេរិកម្នាក់ត្រូវបានដកស្រង់សម្តីថា និងបានអះអាងថា៖ ការចរចាដែលជាផ្នែកមួយកំពុងធ្វើការផ្ទៃក្នុង ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាអំពីរបៀបនៃការផ្តល់ជម្រើសហិរញ្ញប្បទានកាន់តែប្រសើរឡើងដល់ប្រទេសវៀតណាម និងដើម្បីឲ្យវៀតណាមអាចទទួលបានអ្វីដែលអាមេរិកជឿថាពិតជាមានប្រយោជន៍សម្រាប់ពួកគេ។

លោកប្រធានាធិបតី Joe Biden ទើបតែបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចនៅទីក្រុងហាណូយកាលពីដើមខែកន្លងទៅនេះ ដោយពណ៌នាអំពីប្រទេសនានាដែលធ្លាប់មានអរិភាពចំពោះគ្នាទៅវិញទៅមកថាជាដៃគូរដ៏សំខាន់របស់អាមេរិកទៅវិញ។

គួរឲ្យដឹងដែរថា ការចរចាទិញលក់ F-16 នេះធ្វើឡើងនៅក្រោយសេចក្តីដែលធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កន្លងមកតាមរយៈការចោទប្រកាន់ថា ចិនបានបង្ខិតបង្ខំ និងបំភិតបំភ័យវៀតណាម និងប្រទេសជិតខាងផ្សេងទៀត ដែលភាគីរដ្ឋាភិបាលទីក្រុងប៉េកាំងមានជម្លោះជាមួយគ្នានៅក្នុងដែនសមុទ្រចិនខាងត្បូង។

កាលពីខែមុន ក្រសួងការបរទេសអាមេរិកបានអនុម័តលើការលក់គ្រឿងបន្លាស់ និងបរិក្ខារ F-16 ទៅកាន់កោះតៃវ៉ាន់ ដែលកំពុងព្យាយាមពង្រឹងសមត្ថភាពនៃកងកម្លាំងយោធារបស់ខ្លួន ខណៈដែលរដ្ឋាភិបាលក្រុងតៃប៉ិបាននិយាយកាលពីខែឧសភាថា យន្តហោះ F-16V ថ្មីចំនួន៦៦គ្រឿងដែលបានបញ្ជាទិញពីសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនមកដល់កោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៦។

រំលឹកឡើងវិញថា
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមបានចាប់ផ្តើមមានប្រក្រតីភាពឡើងវិញតាំងតែពីក្នុងឆ្នាំ១៩៩៤បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលុបចោលនូវទណ្ឌកម្មទាំងអស់ដែលបានអូសបន្លាយអស់រយៈពេល១៩ ឆ្នាំ៕

អត្ថបទទាក់ទង