ភ្នំពេញក្រោន លត់ក្រុមខ្លាំងហ្វីលីពីន ៣-០ នៅ AFC Cup
(បាល់ទាត់)៖ នារាត្រីថ្ងៃទី២១ ខែកញ្ញា ម្សិលមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានយកឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន វគ្គជម្រុះពូល F នៃពានរង្វាន់ AFC Cup 2023/24។
ក្នុងការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញនេះ ក្រុមភ្នំពេញក្រោន ដែលជាក្រុមភ្ញៀវបានដាក់សម្ពាធក្រុមម្ចាស់ផ្ទះខ្លាំងមែនទែន ដោយគ្រប់គ្រងបាល់បានរហូតដល់ ៦១.៤ ភាគរយ ខណៈក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់បានតែ ៣៨.៦ភាគរយប៉ុណ្ណោះ។
ភ្នំពេញក្រោន បានស៊ុតទៅលើក្រុមម្ចាស់ផ្ទះសរុបចំនួន ១៤ជើង ក្នុងនោះត្រូវគោលដៅចំនួន ៦ជើង រកបាន ៣គ្រាប់ ដោយកីឡាករ Andren Neto, អន ចាន់ប៉ូលីន និងកីឡាករ Shintaro ម្នាក់១គ្រាប់។
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយអំពីជ័យជម្នះលើ Dynamic Herb Cebu ក្នុងការប្រកួតដំបូងនៃពានរង្វាន់ AFC Cup ថា៖
«វាមិនមែនងាយស្រួលក្នុងការលេងនៅក្រៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបានបំលែងឱកាសដែលយើងមាន ហើយយើងធ្វើវាបាន។ យើងដឹងពីភាពតានតឹងនៃការប្រកួត ហើយសម្រាប់យើងវាជារឿងសំខាន់ក្នុងការព្យាយាមស្វែងរកគ្រាប់បាល់ និងព្យាយាមប្រយុទ្ធនៅតំបន់ទំនេរ ដែលយើងមាន។»
ប្រកួតបន្ទាប់ ភ្នំពេញក្រោន នឹងត្រូវជួបក្រុម Shan United ថ្ងៃទី០៥ ខែតុលា នៅពហុកីឡាជាតិ វេលាម៉ោង ០៧:០០នាទីយប់៕
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ AFC Cup 2023/24 ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជាមួយក្រុម Macarthur FC របស់ អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន៕