រដ្ឋាភិបាលដាក់ចេញសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅបន្ថែម ការយកចិត្តទុកដាក់លើពលរដ្ឋ
នៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីកាលពីថ្ងៃទី ២០កញ្ញាកន្លងទៅ រដ្ឋាភិបាលបានដាក់ចេញនូវ សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
ការដាក់ចេញនូវសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិរបស់រដ្ឋាភិបាលនាពេលនេះគឺដើម្បីដោះស្រាយបញ្ហាប្រឈម ឆ្លើយតបទៅនឹងបញ្ហាប្រឈមភាពជាក់ស្ដែងទាំងនោះ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាជន និងគាំទ្រដល់អ្នកប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ម្យ៉ាងទៀត ក៏ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ យ៉ាងពេញលេញ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍយូរអង្វែង។
យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ ពង្រឹងសមត្ថភាព ផលិតភាព ភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីធានាឱ្យបាននូវភាពធន់ និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
យ៉ាងណាមិញ ដើម្បីសម្រេចបាននូវគោលបំណង និងធានាបាននូវប្រសិទ្ធភាពនិងភាពសមស្រប យុទ្ធសាស្ត្រជាតិនេះបានកំណត់អាទិភាពជាយុទ្ធសាស្ត្រដូចជា កំណត់ កែសម្រួល និងរៀបចំយន្តការដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ។
តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាតិនេះ រដ្ឋាភិបាលមានជំនឿទុកចិត្តថា យុទ្ធសាស្ត្រនេះនឹង ជួយត្រួសត្រាយផ្លូវនៅលើគន្លងមួយដែលពោរពេញ ទៅដោយភាពស្មុគស្មាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងនឹងក្លាយជាកត្តាលីករ ដែលនឹងជួយជំរុញនិងលើក់ទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័ន និងវិស័យឯកជន៕