Close

ADB ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹមអត្រា ៥,៣% នៅឆ្នាំ២០២៣ និង ៦,០% សម្រាប់ឆ្នាំ២០២៤

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ADB ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹមអត្រា ៥,៣% នៅឆ្នាំ២០២៣ និង ៦,០% សម្រាប់ឆ្នាំ២០២៤ ADB ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹមអត្រា ៥,៣% នៅឆ្នាំ២០២៣ និង ៦,០% សម្រាប់ឆ្នាំ២០២៤

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីម្សិលមិញ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករណ៍ពីដើមឆ្នាំបន្តិចគឺពី ៥,៣%មកត្រឹម៥,៣% វិញ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយនេះ ខណៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ បានរក្សានៅ៦,០%ដដែល។

ក្នុងរបាយការណ៍ដដែលបានឱ្យដឹងថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញាឆ្នាំ២០២៣ កត់សម្គាល់ថាការនាំចេញសម្លៀកបំពាក់ស្បែកជើងនិងទំនិញធ្វើដំណើរបានធ្លាក់ចុះ១៨,៦% ឆ្នាំលើឆ្នាំក្នុងឆមាសទី១នៃឆ្នាំ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន២២,៩% នៃការនាំចេញផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្តបន្ទះស្រូបពន្លឺព្រះអាទិត្យនិងគ្រឿងសង្ហារឹមជាដើម។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាមានប្រសាសន៍ថា ការរំពឹងទុកចំពោះភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗដែលមានការជឿនលឿនត្រូវបានរំពឹងថានឹងជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុងស្រុកបានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។

លោកស្រីបញ្ជាក់ថា៖ «វិស័យសេវាកម្មចូលរួមចំណែកធំជាងគេចំពោះកំណើនសេដ្ឋកិច្ចឆ្នាំនេះដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ជាពិសេសដោយសារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍»។

របាយការណ៍នេះបានបង្កើនការព្យាករណ៍កំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ពី៧,៣% ទៅ៨,០%។ការព្យាករណ៍សម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី៥,៨% មក៤,៨% ហើយការព្យាករណ៍សម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ០,៩%។ របាយការណ៍នេះរក្សាការព្យាករណ៍អតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត៣,០% និងឆ្នាំក្រោយនៅកម្រិត៤,០%។ ចំពោះឱនភាពពាណិជ្ជកម្មអន្តរជាតិដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួមឱនភាពគណនីចរន្ត។

បើតាមរបាយការណ៍ដដែលបានបន្ថែមថា ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមានកំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿនការមកដល់នៃភ្ញៀវទេសចរនិងលំហូរវិនិយោគផ្ទាល់ពីបរទេសតិចការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុជាសកលការកើនឡើងតម្លៃថាមពលក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុកនិង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាសផែនដី។

សូមជម្រាបជូនថា ការវិនិយោគលើគម្រោងរបស់ ADB នៅកម្ពុជាមានតម្លៃសរុប២,៤ពាន់លានដុល្លារ ហើយការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ មានប្រមាណ៣៥០លានដុល្លារ។ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨៕

អត្ថបទទាក់ទង