Close

ស្វែងយល់ពីការដាំដុះដំណាំត្រសក់ផ្អែម និងអត្ថប្រយោជន៍របស់វា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
ស្វែងយល់ពីការដាំដុះដំណាំត្រសក់ផ្អែម និងអត្ថប្រយោជន៍របស់វា ស្វែងយល់ពីការដាំដុះដំណាំត្រសក់ផ្អែម និងអត្ថប្រយោជន៍របស់វា

ភ្នំពេញ ៖ ត្រសក់ផ្អែម មានឈ្មោះជាភាសាអង់គ្លេស Cantaloupe (Muskmelon) ជាប្រភេទដំណាំយកផ្លែថ្មីមួយ ដែលបាននាំចូលមកដាំដុះជាងមួយទសវត្សរ៍មកហើយនៅកម្ពុជា ហើយប្រជាជនទូទៅ ចាប់ផ្តើមស្គាល់ និងដឹងពីរសជាតិផ្អែមឈ្ងុយរបស់វា។ ត្រសក់ផ្អែមដាំដុះដោយប្រើទ្រើង ឬចំណារស្រដៀងនឹងត្រសក់ចំណារដែរ ប៉ុន្តែផ្លែវាមានរាងមូលៗស្រដៀងទៅនឹងផ្លែឪឡឹក។

ត្រសក់ផ្អែមមានច្រើនប្រភេទ ជាពូជនាំចូល ពុំទាន់អាចទុកពូជបាននោះទេ ដែលភាគច្រើនត្រូវបាននាំចូលមកកម្ពុជា តាមរយៈប្រទេសថៃ និងវៀតណាម។ ពូជដែលមានរស់ជាតិឆ្ងាញ់ និងពេញនិយមដាំដុះ នៅលើទីផ្សារប្រទេសយើងរួមមាន ពូជសាយភារុណ (K2122) ពូជនូនយូ តៃវ៉ាន់ (T778) ពូជ Kane 723F1 ពូជអ៊ីសវេស្ត (Akiko 060F1) ពូជជាតៃ (F1-hybrid Melon Action434) និងពូជវៀតណាម (NÔNG HUU Ve_36)។

ត្រសក់ផ្អែមជាដំណាំត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ សម្រាប់ការលូតលាស់ ហើយងាយរងជម្ងឺ និងសត្វល្អិតបំផ្លាញ ទោះបីវាជាដំណាំ ដែលអាចដាំដុះបានពេញមួយឆ្នាំ ប៉ុន្តែរដូវកាលដែលល្អ សម្រាប់ដាំដុះ គឺនៅរដូវប្រាំង ព្រោះថា រដូវវស្សាកសិករច្រើនជួបប្រទះបញ្ហា។ គេច្រើនដាំវានៅចុងរដូវវស្សា ឬនៅពេលទឹកភ្លៀងចាប់ផ្តើមអស់ និងស្រកទឹក ពោលគឺចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ ដែលអាចប្រមូលផលនៅកំឡុងខែមករា ដល់ខែមេសា។

ត្រសក់ផ្អែម បើដាំដុះលើដីល្បាយខ្សាច់នឹងផ្តល់ផ្លែតូច តែស្រួយ និងផ្អែមជាងដីល្បាប់កណ្តេង។ ដើម្បីឱ្យទទួលបានផល និងគុណភាពល្អ កសិករគួរប្រើប្រាស់ជីកំប៉ុស្តិ៍បីប្រភេទគឺកំប៉ុស្តិ៍គោក កំប៉ុស្តិ៍ទឹកបំប៉នស្លឹកដើម និងកំប៉ុស្តិ៍ទឹកជំនួយឱ្យផ្លែផ្អែម។

គូសបញ្ជាក់ផងដែរថា ក្រៅពីមានរសជាតិផ្អែមឈ្ញុយឆ្ងាញ់ ត្រសក់ផ្អែមមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជាសំបូរប៉ូតាស្យូម ដែលអាចរារាំងការកើនឡើននូវសម្ពាធឈាម ជួយដល់សុខភាពបេះដូង សំបូរជាតិសរសៃល្អសម្រាប់ការបន្ទោបង់ សំបូរប្រូតេអ៊ីនដែលហៅថា ខូឡូចែន ដែលអាចពន្យាភាពចាស់របស់ស្បែក សំបូរវីតាមីនអា និងបេតាការ៉ូទីន ល្អសម្រាប់សុខភាពភ្នែក សំបូរការបូនអ៊ីដ្រាត និងអាចជួយការពារកំណរគ្រោះតម្រង់នោម បានថែមទៀតផង៕

អត្ថបទទាក់ទង