អាមេរិកយកទ្រព្យបង្កកអ៊ីរ៉ង់ជាង៦ពាន់លានដុល្លារ ដោះដូរអ្នកទោសមួយចំនួនជាមួយនឹងអ៊ីរ៉ង់
បរទេស៖យោងតាមរបាយការណ៍ ដែលត្រូវបានចេញផ្សាយនៅតាមបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន បានឲ្យដឹងថា ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានត្រៀមផែនការរួចរាល់ហើយក្នុងការចរចា ដើម្បីដោះលែងអ្នកទោសជនជាតិអាមេរិកជាច្រើននាក់ ជាមួយនឹងប្រទេសអ៊ីរ៉ង់។
ប្រភពទាំងនោះ បានសរសេរថា រដ្ឋាភិបាលអាមេរិក នឹងប្រើប្រាស់ការលប់ចោលបញ្ជីទ្រព្យសម្បត្តិដែលកន្លងមកធ្លាប់បានបង្កកប្រមាណជា៦ពាន់លានដុល្លារ ហើយប្រគល់ទៅឲ្យប្រទេសអ៊ីរ៉ង់វិញ ដោយសង្ឃឹមថា នឹងអាចធ្វើឲ្យប្រទេសអ៊ីស្លាមមួយនេះ យល់ព្រមក្នុងការដោះលែងអ្នកទោសជនជាតិអាមេរិក ដែលកំពុងជាប់ឃុំខ្លួនជាច្រើននាក់ ត្រឡប់មកប្រទេសកំណើតវិញ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken គឺជាអ្នកអនុម័តនូវលក្ខណ្ឌមួយនេះដែលមានន័យថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ អាចទាញយកប្រាក់ និងទ្រព្យសម្បត្តិរបស់ខ្លួនដែលបានបង្កកនៅក្នុងប្រទេសកាតា និងប្រទេសកូរ៉េខាងត្បូង ក្នុងទំហំកំណត់នោះមកវិញ។
លោក Blinken បានគូសបញ្ជាក់បែបនេះថា៖ ការសម្រេចចិត្តដកទណ្ឌកម្មទាំងនោះ គឺធ្វើឡើងអនុឡោមទៅលើគោលនយោបាយដែលផ្តល់ផលប្រយោជន៍ ចំពោះបញ្ហាសន្តិសុខជាតិរបស់អាមេរិក ហើយពីលើសនោះ ក៏មានការដោះលែងអ្នកទោសជនជាតិអ៊ីរ៉ង់ ចំនួន៥នាក់ផ្សេងទៀតផងដែរ បន្ថែមពីលើកញ្ចប់ទឹកប្រាក់ទាំង ៦ពាន់លានដុល្លារ។
គួរឲ្យដឹងដែរថា សេតវិមាន ធ្លាប់បានបញ្ជាក់ថា មានជនជាតិអាមេរិក ចំនួន៥នាក់ ដែលកំពុងជាប់ឃុំក្នុងប្រទេសអ៊ីរ៉ង់ ហើយបានទទួលស្គាល់ថា ពួកគេទាំងអស់កំពុងស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ ដោយ ៤នាក់ត្រូវបានដោះលែងពីពន្ធនាគារ Evin របស់ទីក្រុងតេហរ៉ង់ កាលពីពេលថ្មីៗនេះ។
ដោយឡែក អ្នកជាប់ឃុំបីនាក់ត្រូវបានគេកំណត់អត្តសញ្ញាណបាននោះ មានឈ្មោះដូចជា Siamak Namazi, Morad Tahbaz និង Emad Shargi ខណៈអ្នកផ្សេងទៀតគឺមិនត្រូវបានអាមេរិក បញ្ចេញឈ្មោះឡើយ៕