ណាតូ នឹងរៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមួយមិនធ្លាប់មានតាំងតែពីសង្គ្រាមត្រជាក់
បរទេស ៖ តាមផែនការអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកគ្រោងនឹងរៀបចំធ្វើសមយុទ្ធយោធាដ៏ធំបំផុតមួយមិនធ្លាប់មានគិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់ដោយក្នុងនោះមានវត្តមានចូលរួមពីសំណាក់កងកម្លាំងយោធាមកពីប្រទេសជាច្រើនសរុបដល់ទៅ ៤១,០០០នាក់។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់អង្គការណាតូបានបញ្ជាក់ថា គោលបំណងនៃការរៀបចំសមយុទ្ធយោធានេះធ្វើឡើងដើម្បីត្រៀមរៀបចំខ្លួនក្នុងករណីប្រសិនបើមានការលុកលុយណាមួយ ជាពិសេសការលុកលុយដោយប្រទេសរុស្ស៊ី។
បើមិនមានអ្វីប្រែប្រួលទេនោះសមយុទ្ធយោធាដែលមានឈ្មោះថា Steadfast Defender នឹងដំណើរការឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ផង ប្រទេសប៉ូឡូញផងនិងប្រទេសក្នុងតំបន់ប៉ាល់ទិកផងដែរ។
ក្រៅតែពីកងកម្លាំងយោធាជាង៤ម៉ឺននាក់ហើយនោះ សមយុទ្ធយោធានេះនឹងមានវត្តមាននាវាធំតូច៥០គ្រឿង និងប្រតិបត្តិការតាមអាកាសចន្លោះពី៥០០ ទៅ ៧០០ដង ខណៈដែលពេលវេលានៃការដំណើរការសមយុទ្ធអាចនឹងមានចន្លោះពីខែកុម្ភៈទៅដល់ខែមីនាឆ្នាំ២០២៤ខាងមុខនេះ។
គួរឲ្យដឹងដែរថា ក្រៅតែពីសមាជិករបស់អង្គការណាតូជាច្រើនហើយនោះ ប្រទេសស៊ុយអែតក៏នឹងមានវត្តមានចូលរួមក្នុងបេសកកម្មដ៏ធំមួយនេះដែរ។ ស៊ុយអែតដែលបានស្នើសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំ២០២២កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយដោយសារតែទំនាក់ទំនងមិនសូវល្អជាមួយនឹងសមាជិកណាតូផ្សេងទៀតដូចជាតួគី និងហុងគ្រី ចំពោះបញ្ហាមួយចំនួនដែលមិនទាន់ដោះស្រាយបាននៅឡើយ។
ទោះបីជាយ៉ាងណាក្តី ក្រុមមន្ត្រីរុស្ស៊ីកន្លងមកក៏ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា ការបង្កើនកម្លាំងយោធារបស់ណាតូជាការគំរាមកំហែងសម្រាប់រុស្ស៊ី ហើយវិធានការបែបនេះនឹងនាំឲ្យមានភាពតានតឹងក្នុងតំបន់កើនឡើង ដូច្នេះការត្រៀមរៀបចំខ្លួនរបស់រដ្ឋាភិបាលក្រុងមូស្គូចាំបាច់ត្រូវតែធ្វើឡើងដើម្បីធានាឲ្យបាននូវសន្តិសុខបន្ថែមចំពោះរុស្ស៊ី៕