រដ្ឋាភិបាល និងដៃគូ នឹងរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុកនៅបន្ទាយមានជ័យនាថ្ងៃស្អែកនេះ
បន្ទាយមានជ័យ ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហគ្រិនខ្មែរ និងអង្គការអុកស្វាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងផ្សារទំនើបប៊ីកស៊ី នឹងរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង «ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)» ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើបប៊ីកស៊ី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាមួយនឹងគោលដៅរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព គម្រោងនេះមានបំណងបង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កា លើលក្ខខណ្ឌផ្គត់ផ្គង់ និងតម្រូវការផ្សេងៗ។ លើសពីនេះ ពួកគេមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗ ដូចជាអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងក្រុមយុវជន ដែលអាចផ្តល់ការគាំទ្រជាបច្ចេកទេស និងធនធានក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។
វេទិកានេះក៏រួមបញ្ចូលការតាំងផលិតផល ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអោយកាន់តែទូលាយផងដែរ។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានីជំរុញចលនាភូមិមួយផលិតផលមួយ មានសេចក្តីរំភើបរីករាយក្នុងការដឹកនាំគំនិតផ្តួចផ្តើមអោយមានជំនួបរវាងអ្នកផលិត និងអ្នកទិញ ដ៏មានសារៈសំខាន់នេះ ដែលមានបំណងកាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។
តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ដែលមានទំនុកចិត្តថាព្រឹត្តិការណ៍ថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សន្ទុះនៃការគាំទ្រ និងការយល់ដឹងពីផលិតផលក្នុងស្រុកបច្ចុប្បន្ន មានការរីកចម្រើនគួរអោយកត់សំគាល់ ប៉ុន្តែគួរមានការផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ថែម។ ហេតុដូចនេះហើយ សហគ្រិនខ្មែរមានសេចក្តីសោមន្សរីករាយ ក្នុងការសហការជាមួយគណៈកម្មាធិការជាតិចលនាភូមិមួយផលិតផលមួយ ក្នុងការបង្កើតវេទិកាផ្គូផ្គងរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញ ដើម្បីបង្កើនការលក់ ក៏ដូច ជាផ្សព្វផ្សាយផលិតផលក្នុងស្រុក ដែលស្របទៅនឹងគោលការណ៍របស់សហគ្រិនខ្មែរ ដើម្បីពង្រីកបន្ថែមនូវទីផ្សារសម្រាប់ផលិតករកម្ពុជាអោយកាន់តែរីកសុះសាយទាំងទីផ្សារក្នុងស្រុកក៏ដូចជាអន្តរជាតិ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានមានប្រសាសន៍ថា៖ «អង្គការអុកស្វាម មានមោទកៈភាព ក្នុងការសហការជាមួយដៃគូរាជរដ្ឋាភិបាលទាំងពីរស្ថាប័ន ក្នុងការគាំទ្រឱ្យមានវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញក្នុងស្រុក។ កិច្ចសហប្រតិបត្តិការនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការអុកស្វាម ក្នុងការបង្កើនឱកាសដល់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការទទួលបានទីផ្សារ បង្កើនប្រាក់ចំណូល និងរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ស្របពេលដែលកំណើននេះនឹងជួយរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។ យើងជឿជាក់យ៉ាងមុតមាំថា ការធ្វើការរួមគ្នានឹងអនុញ្ញាតិឱ្យពួកយើងបង្កើតបាននូវវេទិកាមួយដ៏ជោគជ័យ និងមាននិរន្តរភាព ក្នុងការសម្របសម្រួលលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិត និងសហគ្រាសនៅកម្ពុជាប្រកបទៅយ៉ាងរលូន»។
វេទិកា និងការតាំងបង្ហាញផលិតផលនៅខេត្តបន្ទាយមានជ័យនាឱកាសនេះ មានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២០០ នាក់ រួមមានថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរពាក់ព័ន្ធ សមាគមធុរកិច្ច សហគ្រាសខ្នាតតូច និងមធ្យម សហករណ៍កសិកម្ម ស្ថាប័នហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងក្រុមយុវជន។ គម្រោងដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។
នាឆ្នាំ២០២៣នេះ ក្រុមការងារដៃគូសហការ និងអភិវឌ្ឍន៍ មានសេចក្តីសោមនស្សរីករាយដែលគម្រោងនេះទទួលបានដៃគូសហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ ឆ្នាំនេះពួកយើងមានគម្រោងរៀបចំវេទិកានេះនៅ១៥ខេត្ត-ក្រុងរួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង៕