ក្រសួងកសិកម្មស្នើភាគីអូស្ត្រាលីក្នុងការសិក្សាពីចង្វាក់ផលិតកម្មពូជស្រូវចំប៉ីស៧០ ដើម្បីរកទីផ្សារជាក់លាក់ជូនកសិករ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនាថ្ងៃទី ០៦ ខែកញ្ញាម្សិលមិញនេះ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើដល់ភាគីអូស្ដ្រាលីពិនិត្យលទ្ធភាពសិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់មួយសម្រាប់កសិករដែលផលិតពូជស្រូវនេះនាពេលអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះក៏មានផងដែរ គោលនយោបាយទាក់ទងនឹងវិស័យកសិកម្មដែលស្ដីពីការដាក់ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំដែលមានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹងសហគមន៍កសិកម្មឱ្យកាន់តែប្រសើរ។
ម្យ៉ាងទៀត ទាក់ទងទៅនឹងការអភិវឌ្ឍធនធានមនុស្សឯណោះវិញ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីតម្រូវការចាំបាច់របស់និស្សិតសិក្សាផ្នែកកសិកម្ម ដែលត្រូវការការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុងផ្នែកភាសា នវានុវត្តន៍ និងបច្ចេកវិទ្យា។ ឯកឧត្តមបញ្ជាក់ពីការស្វាគមន៍ចំពោះការគាំទ្រពីសំណាក់ភាគីអូស្ត្រាលីក្នុងការផ្ដល់សាស្ត្រាចារ្យមកបង្រៀននិស្សិតក្នុងផ្នែកទាំងនេះ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលីដែលមានកិច្ចសហប្រតិបត្តិការល្អ ហើយបាននិងកំពុងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស៧០។ ពូជស្រូវចំប៉ីស៧០ បើតាមឯកឧត្តមរដ្ឋមន្ដ្រី គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជានិងអូស្ត្រាលី នៅក្នុងវិស័យកសិកម្ម។
គួរបញ្ជាក់ថា «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូបដែលត្រូវបានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់នៅចុងឆ្នាំ២០២២។ ពូជស្រូវនេះចាប់ផ្ដើមបង្កាត់នៅឆ្នាំ២០១៣ តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។
ពូជនេះ មានកម្ពស់ដើមជាមធ្យមពី ១១៣-១១៩ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ ចំណែកឯ គ្រាប់អង្ករវិញ គឺសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិផងដែរ៕