កម្ពុជា រកបាន ១ពិន្ទុ ក្នុងប្រកួតបើកឆាក AFC U23 Asian Cup Qatar 2024
កាលពីយប់មិញនេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ រកបាន១ពិន្ទុ ក្នុងការប្រកួតបើកឆាកក្នុងពូល J បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយក្រុមជម្រើសជាតិលីបង់ អាយុក្រោម ២៣ឆ្នាំ សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នាប្រទេសនៅអារ៉ាប៊ីសាអូឌីត។
ក្នុងការប្រកួតដែលធ្វើឡើងក្នុងកីឡដ្ឋាន Prince Sultan យប់មិញនេះ ក្រុមជម្រើសជាតិលីបង់ បានបើកការនាំមុខមុននៅដើមតង់ទី១ នាទី៧ ដោយកីឡាករ Mohamed Nasser។ លុះនៅចុងតង់ទី១ នាទី៤៥+ កីឡាករ Ibrahim Chami របស់លីបង់ បានធ្វើឲ្យបាល់ចូលទីខ្លួនឯង បន្ទាប់ពីព្យាយាមបិទកីឡាករ សា ទី របស់កម្ពុជា។
លុះចូលដល់តង់ទី២ កម្ពុជា បានបើកការនាំមុខវិញម្ដង ដោយកីឡាករវ័យក្មេងកំពស់ខ្ពស់ ស រតនា ស៊ុតពីលើដំបូលទូកយ៉ាងស្អាត នៅនាទីទី ៦៥ ហើយ៩នាទីក្រោយមក កីឡាករ Karim Mekkaoui បានស៊ុតតាមស្មើឲ្យលីបង់ នៅនាទី ៧៤។ លទ្ធផលនេះ បានបន្តដល់ចប់ការប្រកួត ហើយចែកគ្នាម្នាក់ ១ពិន្ទុ។
សម្រាប់ប្រកួតបន្ទាប់ U-២៣ ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី៩ ខែកញ្ញា ហើយបន្តជួបជាមួយម្ចាស់ជើងឯកឆ្នាំចាស់អារ៉ាប៊ីសាអូឌីត ក្នុងប្រកួតបិទពូល J នៅថ្ងៃទី១២ ខែកញ្ញា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup បានបង្តើតឡើងដំបូង២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង ខណៈក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ជាម្ចាស់ការពារដំណែងជើងឯកឆ្នាំនេះ៕