វត្ថុបូរាណខ្មែរដែលបាត់អំឡុងឆ្នាំ១៩៩០ ត្រូវបានបារាំងប្រគល់ត្រឡប់មកកម្ពុជាវិញ
បារាំង ៖ ចម្លាក់លិបមួយផ្ទាំង ធ្វើពីថ្មភក់ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានភ្នាក់ងារគយបារាំង រឹបអូសបាននោះ ត្រូវបានប្រគល់មកកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសបារាំង នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ស្ថានទូតកម្ពុជានៅបារាំង ឱ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម
កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង
ដើម្បីទទួលយកវត្ថុបូរាណខ្មែរ ដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាននេះ។
ពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះ ត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និងសិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MELNIER នាយកគយអន្តរតំបន់
Auvergne-Rhône-Alpes និងលោកស្រី Juliette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល
បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។
ទូតកម្ពុជាប្រចាំប្រទេសបារាំង បញ្ជាក់ដែរថា ចម្លាក់លិបនេះ ធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមានទម្ងន់ប្រហែល ៣០០គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទ
បន្ទាយឆ្មារ។ ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុង
ក្របខ័ណ្ឌ នៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង របស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុង
លីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម កេត សោផាន់ បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរបារាំង ពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង
ការបំពេញការងារបានយ៉ាងល្អ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌
នេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង។
ការប្រគល់ចម្លាក់នេះ ដែលតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែក
នៃដួងព្រលឹងអាណាចក្រខ្មែរ ក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ៕