ស្អែកនេះ! ក្រុមគោព្រៃជំទង់កម្ពុជា នឹងប្រកួតវគ្គជម្រុះ AFC U23 Asian Cup Qatar 2024
កាលពីថ្ងៃអាទិត្យ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិជប៉ុន លោក GYTOKU KOJI បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការប្រកួតជម្រុះ AFC U23 Asian Cup Qatar 2024 ក្រោយពីជ្រើសរើសកីឡាករបាន២៣នាក់ ។
កម្ពុជា ស្ថិតនៅក្នុងពូល J មាន ៣ប្រទេសផ្សេងទៀតចូលរួម គឺម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត , លីបង់ និងម៉ុងហ្គោលី ដែលនឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងប្រកួតបើកឆាកទល់នឹងក្រុមលីបង់នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រកួតបន្ទាប់នឹងត្រូវជួបជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ និងចុងក្រោយនឹងត្រូវជួបម្ចាស់ផ្ទះ អារ៉ាប៊ី សាអូឌីត ដែលការប្រកួតទាំងអស់នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ី សាអូឌីត។
គួររម្លឹកថា ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup នេះ បង្តើតឡើងដំបូងក្នុងឆ្នាំ២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង ខណៈឆ្នាំនេះ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ជាម្ចាស់ការពារដំណែងជើងឯក៕