Close

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទិស មកដៅអាស៊ានក្រោយឆ្នាំ ២០២៥

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទិស មកដៅអាស៊ានក្រោយឆ្នាំ ២០២៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន លើកទិស មកដៅអាស៊ានក្រោយឆ្នាំ ២០២៥

នាថ្ងៃទី ៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជា​តំណាង​ជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានចូលរួមកិច្ចប្រជុំចង្អៀតនិងពេញអង្គ​នៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

កិច្ចប្រជុំនេះផងដែរ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងជាតិនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ព្រមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ានផងដែរ។

យ៉ាងណាមិញ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីកត់សម្គាល់ក៏ដូចជាចែករំលែកនូវទស្សនល្អៗ លើវឌ្ឍនភាព​សេដ្ឋកិច្ចសាកល និងដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយ​ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានរំលេចនូវទស្សនល្អៗមួយចំនួនក្នុងន័យជួយ​លើក​កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដូចជា ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាត​អភិវឌ្ឍរវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់​កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខ​ខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានា​ឱ្យបាននូវភាពធន់​របស់ច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។

សម្រាប់ដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងការបង្កើតទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព​របស់​​សហគមន៍​សេដ្ឋកិច្ចអាស៊ាននៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើ​យ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់​មួយអាចឆ្លើយតបបានលឿន​ទៅលើភាព​មិនប្រាកដនិយមណាមួយ ដែលអាចកើតឡើងនៅពេល​អនាគតដូចជា ការរីករាលដាលនៃជំងឺ​សកល ការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិ​សាស្រ្តនយោបាយជាដើម។

លោកជំទាវរដ្ឋមន្រ្តី បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជា​មួយបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ នៅក្នុងដំណើរការនៃការរៀបចំចក្ខុវិស័យអាស៊ាន​ក្រោយឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យអាស៊ានអាចបញ្ចប់ការងារនេះបានទាន់ពេលវេលា​តាមការគ្រោងទុក។

ឆ្លៀតឱកាសកិច្ចប្រជុំនេះដែរ លោកជំទាវក៏បានចូលរួមកម្មវិធីប្រកាសបើកការចរចាកិច្ចព្រមព្រៀង​ក្របខណ្ឌឌីជីថលអាស៊ាន ដែលកិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនដល់ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ានក្នុងបរិបទសកល។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេស យុទ្ធសាស្រ្តអាស៊ាន​ស្តីពីអព្យាក្រឹតកាបូន ក៏ដូចជាក្របខណ្ឌសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន ដែលជាគំនិតផ្តួចផ្តើមអាស៊ាន​ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទទាក់ទង