Close

ទុរេន នៅខេត្តមណ្ឌលគិរី ប្រមូលផលនៅចុងខែសីហា ខុសប្លែកពីបណ្តាខេត្តផ្សេងៗ ដោយសារកត្តាអាកាសធាតុត្រជាក់

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ សង្គម
ទុរេន នៅខេត្តមណ្ឌលគិរី ប្រមូលផលនៅចុងខែសីហា ខុសប្លែកពីបណ្តាខេត្តផ្សេងៗ ដោយសារកត្តាអាកាសធាតុត្រជាក់ ទុរេន នៅខេត្តមណ្ឌលគិរី ប្រមូលផលនៅចុងខែសីហា ខុសប្លែកពីបណ្តាខេត្តផ្សេងៗ ដោយសារកត្តាអាកាសធាតុត្រជាក់

មណ្ឌលគិរី៖ ទុរេន ជាប្រភេទរុក្ខជាតិហូបផ្លែ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីមហាជនទូទៅ ប៉ុន្តែដំណាំប្រភទនេះក៏ពិបាកក្នុងការដាំដុះថែទាំជាខ្លាំងផងដែរ ។ នេះបើតាមការឲ្យដឹងពីលោក ម៉ុក ប៊ុនថន វ័យជាង៥០ឆ្នាំ ជាម្ចាស់ចំការទុរេននៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោក ម៉ុក ប៊ុនថន បានបន្ថែមថា បើមានបំណងចង់ដាំទុរេនទទួលបានផលល្អ រឿងដំបូងគេបំផុតគឺ «រៀន» នេះគឺជាបណ្តាំរបស់ម្ចាស់ចំការទុរេនដ៏ធំម្នាក់ប្រចាំខេត្តមណ្ឌលគិរី ដែលកំពុងមមាញឹកប្រមូលផលនាចុងខែសីហា ឆ្នាំ២០២៣នេះ ខណៈទុរេនរបស់គាត់ ត្រូវឈ្មួញនាំចេញទៅក្រៅប្រទេស និងចែកចាយតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។

ម្ចាស់ចំការខាងលើបានបញ្ជាក់ថា ការដាំដុះដំណាំទុរេន ត្រូវយកចិត្តទុកដាក់ខ្ពស់ យល់ដឹងពីរបៀបថែទាំ ជាពិសេសបច្ចេកទេសថែស្លឹក ដងដើម ឬស ផ្កា និងផ្លែ បើមិនដូច្នេះទេ ទិន្នផលដែលទទួលបាន គឺមិនអាចរួចថ្លៃចំណាយឡើយ។ លោក ម៉ុក ប៊ុនថន ដែលអ្នកភូមិស្គាល់ច្បាស់ថា តាថន បានទៅរស់នៅក្នុងភូមិពូត្រែង កាលពីឆ្នាំ២០១៣ គាត់មានផ្ទៃដីដាំដំណាំគ្រប់ប្រភេទប្រមាណ៣០ហិកតា តែក្នុងនោះ គាត់បានដាំដើមទុរេនចំនួន១០ហិកតា។

ដំណាំទុរេននេះ ដំបូងគាត់ដាំតែចំនួន៤០០ដើមប៉ុណ្ណោះ ក្រោយថែទាំអស់រយៈពេល៥ឆ្នាំ គាត់អាចទទួលបានផលជាបន្តបន្ទាប់ រហូតពង្រីកផ្ទៃដីដាំដុះដល់ ១០ហិកតា មានជាងមួយពាន់ដើម និងកំពុងប្រមូលផលប្រមាណ ៧ហិកតា គិតត្រឹមឆ្នាំ២០២៣។

ម្ចាស់ចំការខាងលើ បានឲ្យដឹងថា ទុរេនខេត្តមណ្ឌលគិរី ប្រមូលផលក្រោយគេ ព្រោះតែអាកាសធាតុខុសគ្នាពីបណ្តារខេត្តដទៃ ដូចជាខេត្តកំពង់ចាម កោះកុង កំពត ពោធិសាត់ បាត់ដំបង ដែលទទួលតាំងពីអំឡុងខែឧសភា តែនៅខេត្តមណ្ឌលគិរី ទុរេនទើបទុំបណ្តើរៗ ពីខែកក្កដា រហូតអាចអស់នៅចុងខែកញ្ញា។

មូលហេតុដែលធ្វើឲ្យទុរេនខេត្តមណ្ឌលគិរី ទទួលផលក្រោយខេត្តផ្សេងៗ ដោយសារតែខេត្តមណ្ឌលគិរី សម្បូរភ្នំ អាកាសធាតុត្រជាក់ខ្លាំង បរិយាកាសមានសំណើមខ្ពស់ ដូច្នេះវាពន្យាពេលក្នុងការលូតលាស់រដូវប្រមូលផល។

តែកត្តានេះវាហាក់ដូចជា ជួយដល់កសិករដែលដាំទុរេនទៅវិញ ព្រោះផ្លែទុំក្រោយគេមិនជាន់គ្នា អញ្ចឹងហើយ គឺលក់គ្មានសល់ទេ។

លោក ម៉ុក ប៊ុនថន បានឲ្យដឹងថា ទុរេននៅចំការរបស់គាត់ ត្រូវបានគេកក់អស់តាំងពីផ្លែនៅតូចៗ ហើយជាមធ្យម ១ដើម គាត់ថែយក៥០ផ្លែ ឬក្រោមនេះ ក្នុងមួយផ្លែមានទម្ងន់ចាប់ពី៣គីឡូក្រាម ទៅ៥គីឡូក្រាម។

ទុរេនគាត់នៅឆ្នាំនេះ ស្ទើរតែមិនបានលក់ដូរនៅក្នុងស្រុកទេ ព្រោះមានថៅកែប្រមូលទិញនាំយកទៅប្រទេសវៀតណាម និងប្រទេសចិន តែក៏មានលក់ខ្លះ នៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។

លោក ម៉ុក ប៊ុនថន ដែលជាម្ចាស់ចំការទុរេន បានផ្តាំដល់បងប្អូនប្រជាកសិករ ដែលមានបំណងចង់ដាំទុរេនទទួលបានផលល្អ ត្រូវមានបីចំនុច ទីមួយដំបូងបង្អស់ត្រូវរៀនសិន រៀនឲ្យចេះយល់ដឹងយ៉ាងហោចបាន៥០% ទីពីរត្រូវមានផែនការដាំ រៀបចំបច្ចេកទេស ទីតាំងដាំដុះ ទីបី ត្រូវមានការព្យាយាមលះបង់ ទោះយប់ថ្ងៃភ្លៀងក្តៅ ត្រូវចុះជាប់តាមដានជានិច្ច ទើបទទួលបានផលល្អគាប់ចិត្ត៕

 

អត្ថបទទាក់ទង