Close

និស្សិតជាង២០០នាក់នឹងចូលរួមហាត់ការនៅអ៉ីស្រាអែល ខណៈក្រសួងរំពឹងទទួលបានធនធាន​កាន់តែច្រើនដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
និស្សិតជាង២០០នាក់នឹងចូលរួមហាត់ការនៅអ៉ីស្រាអែល ខណៈក្រសួងរំពឹងទទួលបានធនធាន​កាន់តែច្រើនដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម និស្សិតជាង២០០នាក់នឹងចូលរួមហាត់ការនៅអ៉ីស្រាអែល ខណៈក្រសួងរំពឹងទទួលបានធនធាន​កាន់តែច្រើនដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម

(ភ្នំពេញ)៖ និស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងចំនួន ២៥៥នាក់ ក្នុងនោះស្រី ៣៩នាក់ នឹងត្រូវចូលរួមកម្មវិធីហាត់ការរយៈពេល ១១ខែ នៅប្រទេសអ៉ីស្រាអែល។ ការហាត់ការនៅក្រៅប្រទេសបែបនេះធ្វើឡើងក្នុងគោលបំណងក្រេបយកចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួម​អភិវឌ្ឍវិស័យកសិកម្មកម្ពុជាពេលត្រឡប់មកមាតុប្រទេសវិញ។

ដើម្បីជាការលើកទឹកចិត្ត និងបណ្ដុះធនធានមនុស្សក្នុងវិស័យកសិកម្មឱ្យបានកាន់តែច្រើន រដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះជួបសំណេះសំណាលជាមួយនិស្សិតទាំងនោះ នាថ្ងៃទី ៣១ ខែសីហា កន្លងទៅ។

ក្នុងនាមជាប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្មស្រាប់ ឯកឧត្តម ឌិត ទីណា​ បានគាំទ្រ​យ៉ាង​ពេញទី​ ចំពោះការហាត់ការនេះដើម្បីចូលរួមលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល និងការអនុវត្ត​ជំនាញ​ជាក់ស្តែង ឈានទៅអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់បន្ថែមថា និស្សិតទាំងជាង ២០០នាក់នេះ​នឹងមានឱកាស​រួម​ចំណែកជួយដល់វិស័យកសិកម្ម តាមរយៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋា​ភិបាល​អាណត្តិថ្មី​នីតិកាលទី៧ ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅតាមគ្រប់មូលដ្ឋាន ដើម្បីចូលរួមដោះ​ស្រាយបញ្ហានានាក្នុងផលិតកម្មបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងណែនាំដល់ក្រុមនិស្សិត ឱ្យមានទំនាក់ ទំនងល្អ ចេះជួយគ្នាក្នុងនាមប្រជាជាតិតែមួយ ត្រូវមានការតាំងចិត្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព ជំនាញ ភាសា មិនរើសអើងការងារ ហើយត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាពតាម ដែលអាចធ្វើ ទៅបាន មានភាពម្ចាស់ការ និងជាពិសេសត្រូវវិភាគពិចារណាថាតើការងារនិង បទពិសោធន៍ដែល រៀនសូត្របានពីបរទេស អាចយកមកអនុវត្តបានយ៉ាងដូចម្ដេចនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យ​កសិកម្មនៅកម្ពុជាឱ្យមានភាពរីកចម្រើនឡើងបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ដ្រីក៏បានផ្ដាំផ្ញើដល់និស្សិត ត្រូវគោរពច្បាប់ប្រទេសដែលខ្លួនទៅហាត់ការឱ្យ​បានល្អ ដែលការណ៍នេះសំខាន់ខ្លាំងណាស់ ព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃ និងអត្តសញ្ញាណ​របស់ជនជាតិខ្មែរនៅលើឆាកអន្ដរជាតិ។

គួររំលឹកផងដែរថា រដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧នេះ បានប្រកាសដាក់ចេញនូវគោលនយោបាយ​អាទិភាពមួយចំនួនសម្រាប់ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ក្នុងនោះផងដែរ ក៏មាននូវ​គោលនយោបាយមួយដែលគាំទ្រដល់វិស័យកសិកម្ម។

ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ចំណុច ចំណុចទី៥ រដ្ឋាភិបាលបានផ្ដោតលើវិស័យ កសិកម្មដោយត្រៀមថវិកាសម្រាប់ចំណាយចំនួន ១០០លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង