ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានប្រកាសតែងតាំងមុខតំណែងជាអគ្គស្នងការរងនគរបាលជាតិ និងមានភារកិច្ចជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែងជាអគ្គស្នងការរងនគរបាលជាតិ និងទទួលភារកិច្ចជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាមួយនឹងការចូលរួមអបអរសាទរពីសំណាក់ថ្នាក់ដឹកនាំនៃជួរកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ជាច្រើននាក់។
ឆ្លៀតនៅក្នុងពិធីប្រកាស និងតែងតាំងមុខតំណែងជាអគ្គស្នងការរងនគរបាលជាតិ និងទទួលភារកិច្ចជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃដដែលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវបទបញ្ជា និងណែនាំដល់លោកស្នងការនគរបាលរាជធានី ខេត្ត ទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទូទាំងប្រទេស ត្រូវបើកទ្វារ ២៤ម៉/២៤ម៉ មានមន្ត្រីប្រចាំការ ដើម្បីទទួលពាក្យបណ្តឹង និងផ្តល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋទូទៅ៕