ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច គួរឱ្យគយគន់នៅស្រះស្រង់ ជាបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរទស្សនា
សៀមរាប ៖ ស្រះស្រង់ ជាទីកន្លែងមួយដែលភ្ញៀវទេសចរនិយមមកទស្សនាទេសភាពដ៏ស្រស់ស្អាត ជាពិសេស ប្រាសាទកណ្តាលស្រះស្រង់ ភូមិឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ និងប្រាសាទបន្ទាយក្តី ដែលមានទីតាំងនៅក្បែរនោះផងដែរ។
ទន្ទឹមនឹងនេះ នៅពេលព្រឹកព្រលឹម និងពេលល្ងាច ស្រះស្រង់ក៏ជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចបានយ៉ាងស្រស់ស្អាតមិនចាញ់នៅប្រាសាទអង្គរវត្ត ឬប្រាសាទភ្នំបាខែងឡើយ។ ភ្ញៀវទេសចរអាចមកទស្សនាយ៉ាងត្រជាក់ចិត្ត ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀតនោះទេ ។
ជុំវិញបញ្ហាខាងលើនេះ លោក ម៉ៃ សុរៈភិរុណ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទបន្ទាយក្តី និងស្រះស្រង់ បានឱ្យដឹងថា នៅពេលព្រឹកព្រលឹមព្រះអាទិត្យចាប់ផ្តើមរះមក មើលទៅផ្ទៃមេឃ និងផ្ទៃទឹកបញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់ស្អាត អាចផ្តិចយករូបភាពទាំងនេះបាននៅបរិវេណកំពង់ទឹក និងរានហាល ភ្ជាប់ជាមួយរូបសត្វតោឈរបែរមុខទៅរកប្រាសាទកណ្តាលស្រះស្រង់មើលទៅស្រស់ស្អាតគួរជាទីគយគន់។
លោកសង្កត់ធ្ងន់ថា ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅស្រះស្រង់ អាចជាកន្លែងទទួលយកបទពិសោធន៍ថ្មីមួយទៀត មានភាពខុសប្លែកពីនៅប្រាសាទអង្គរវត្ត ឬប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀតឡើយ។
បើតាមលោក ម៉ៃ សុរៈភិរុណ ស្រះស្រង់ មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត។ មានបណ្តោយ ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕