Close

វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការដាក់បង្ហាញផលិតផលក្នុងស្រុករយៈពេលបីថ្ងៃនៅខេត្តសៀមរាប

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការដាក់បង្ហាញផលិតផលក្នុងស្រុករយៈពេលបីថ្ងៃនៅខេត្តសៀមរាប វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការដាក់បង្ហាញផលិតផលក្នុងស្រុករយៈពេលបីថ្ងៃនៅខេត្តសៀមរាប

សៀមរាប៖ វេទិកាវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ព្រមទាំងកាដាក់តាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យមរបស់គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តសៀមរាប ត្រូវបានរៀបចំរយៈពេល ៣ថ្ងៃ នៅខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៣ ខាងលើនេះ លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញនាពេលនេះ និងសូមថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

លោកបានបញ្ជាក់ថា គោលបំណងដូចបានជម្រាបជូនខាងលើនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឱ្យគណៈកម្មាធិការ សូមគាំទ្រ និងចូលរួមផ្សព្វផ្សាយ និងជម្រុញការអនុវត្តចលនាភូមិ១ ផលិតផល១ឱ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានថ្លែងថា ដើមី្បឈានទៅការនាំចេញទៅក្រៅប្រទេស និង ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍជាតិផ្សេងៗ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជាពិសេសកាត់បន្ថយភាពក្រីក តាមរយៈការអភិវឌ្ឍផលិតផលភូមិ១ ផលិតផល១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ។

លោកបានបន្តទៀតថា សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០១៩ ដែលមានចក្ខុវិស័យ ក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់ក៏ដូចជាអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិស័យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀងគរវិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីតាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និង ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

លោកបន្ថែមថា ជាមួយនឹងគោលដៅរួមគ្នា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្របកដោយបរិយាបន្ន និងនិរន្តរភាព និងមើលឃើញថាលទ្ធភាពទទួលបានទីផ្សារជាបញ្ហាចម្បងមួយសម្រាប់សហគ្រាសនៅកម្ពុជា -OVOP និងអង្គការអុកស្វាម បានសហការគ្នា តាំងពីឆ្នាំ២០២២ តាមរយៈគម្រោង «ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហ គ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)»។ គម្រោងនេះ រួមមានការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និង អ្នកទិញ នៅតាមបណ្តាខេត្ត-ក្រុងជាង១០។ អ្នកចូលរួមនឹងអាចបង្ហាញផលិតផល/សេវាកម្មរបស់ពួកគេ និងភ្ជាប់ទំនាក់ ទំនងជាមួយអ្នកទិញ និងអ្នកលក់សក្តានុពល។

លោកបានបន្តទៀតថា ពួកគេក៏ទទួលបានការយល់ដឹងកាន់តែច្រើនអំពីបញ្ហាទាក់ទងនឹង ភាពជាសហគ្រិន រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវផងដែរ។ បន្ទាប់ពីវេទិកានេះ ពួកគេបន្តទទួលបានការគាំទ្រពីក្រុមការងារថ្នាក់ជាតិ និងខេត្តរបស់ OVOP ដើម្បីលក់ផលិតផល របស់ពួកគេទៅកាន់អ្នកទិញក្នុងស្រុក និងអន្តរជាតិ។ ម៉្យាងទៀត យើងទទួលបានដៃគូសហការថ្មី គឺ សហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំ ទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ ឆ្នាំនេះពួកយើងមានតម្រោងរៀបចំវេទិកានេះនៅ១៥ខេត្ត-ក្រុង៕

អត្ថបទទាក់ទង