Close

៣០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
៣០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៣០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ភ្នំពេញ ៖ អនុប្រធានទី ១ នៃអាជ្ញាធរមីន លី ធុជ បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា រួមមានជាមួយដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត បានជំរុញឥតឈប់ឈរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ក្នុងការផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនពលរដ្ឋតាមមូលដ្ឋាន។

ឯកឧត្តម លី ធុជ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៥ ខែសីហានេះថា ក្រៅពីការបោសសម្អាតមីន កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ការអប់រំយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ ក៏ជាសកម្មភាពមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ និងទប់ស្កាត់ជនរងគ្រោះថ្នាក់។

ឯកឧតុ្តមបន្តថា ការចូលរួមចំណែកពីសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះ នៅតាម សហគមន៍ ដែលអាជ្ញាធរមីន សហការជាមួយប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ក្នុងលើកកម្ពស់ឲ្យប្រជាពលរដ្ឋយើងមានការយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។

បើតាមឯកឧត្តម លី ធុជ ជាលទ្ធផលគិតត្រឹមឆ្នាំ០២២ ប្រជាពលរដ្ឋចំនួន ៥.៤៣២.១២១ នាក់ បានទទួលសារអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះពីប្រតិបត្តិករ បណ្តាញអប់រំតាមសហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ច។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពី ៤.៣២០ នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅក្រោមចំនួន១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ១០ឆ្នាំចុងក្រោយ។

ឯកឧត្តមបន្ថែមថា ៖ «ទោះបីមានកិច្ចខិតខំប្រឹងប្រែង លើការងារបោសសម្អាតមីននិងគ្រាប់យ៉ាងណាក៏ដោយ ការគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតែមានជាប្រចាំ ដោយកត្តាមួយចំនួនរួមមាន៖ ការលេង ឬកែច្នៃគ្រាប់ ឈរមើលគេលេងគ្រាប់ សម្អាតដីធ្វើកសិកម្ម ចូលព្រៃកាប់ឈើ រកស្បៀងអាហារ ធ្វើកសិកម្ម ដុតព្រៃ និងធ្វើដំណើរឆ្លងកាត់តំបន់មិនស្គាល់ច្បាស់ ជាដើម»។

ឯកឧត្តម សង្កត់ធ្ងន់ថា  រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ដ៏ខ្ពង់ខ្ពស់ និងប្រកបដោយទស្សនវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្តេជ្ញាចិត្តខ្ពស់ និងដោះស្រាយហានិភ័យដែលនៅសេសសល់ពីគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥ និងគ្មានប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥៕

អត្ថបទទាក់ទង