អង្គការ Norwegian People’s Aid ចូលរួមដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ
សៀមរាប ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aidដែលជាអង្គការដោះមីននៃប្រទេសណ័រវេស ចំនួន៩០នាក់ បានចូលរួមដាំកូនឈើចំនួន ១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។
ដើមឈើដែលដាំនៅពេលនេះរួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។ សកម្មភាពនេះកំពុងចូលរួមលើកតម្លៃ បរិស្ថាន និងបង្កើតភាពបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំ កែលម្អ តំបន់ពុំមាន របៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរានៅថ្ងៃទី ២៤ ខែសីហានេះ បានលើកឡើងថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង ៤៨,៧៨៨ដើម និងដាំស្មៅបាន ៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ ពលរដ្ឋរស់នៅ បន្ទាប់ពីពួកគេព្រម ទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល ចេញទៅរស់នៅ តំបន់ រុនតាឯក និងពាក់ស្នែង៕