Close

គជប សម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គជប សម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣ គជប សម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើឯកសារទាំងនោះមាន ឯកភាពលើខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតីសម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ជាមួយគ្នានេះ អង្គប្រជុំក៏បាន ឯកភាពលើខ្លឹមសារអត្ថបទវីដេអូអប់រំខ្លី និងវិទ្យុ រួមមាន៖ ស្ប៉តវីដេអូអប់រំចំនួន ៣រឿង, ចម្រៀងកាយវិការចំនួន ៣រឿង, ស្ប៉តវីដេអូអប់រំ បែបគំនូរជីវចល ចំនួន ៣រឿង, ស្ប៉តវិទ្យុអប់រំចំនួន ៣រឿង និង សេចក្តីជូនដំណឹងសម្រាប់ចាក់ផ្សាយតាមមេក្រូចល័ត ចំនួន ១រឿង។

បន្ថែមពីនេះ អង្គប្រជុំ បាន ឯកភាពលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែង ចំនួន ២រឿង រួមមាន៖ វីដេអូអប់រំស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ១រឿង និង វីដេអូអប់រំដុកទ័រវ៉ូត (Dr. Vote) ចំនួន ១រឿង។ និង ឯកភាពជាគោលការណ៍លើការប្រើប្រាស់គំរូទម្រង់បែបបទចំនួន១៥ទម្រង់សម្រាប់ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

អង្គប្រជុំ ក៏បាន ឯកភាពលើឯកសារពាក់ព័ន្ធក្នុងការចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមមាន៖ សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣, ទម្រង់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន,ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាខ្មែររបស់អ្នកសារព័ត៌មាន , ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេសរបស់អ្នកសារព័ត៌មាន។

លើសពីនេះ ក៏បាន ឯកភាពលើឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយ ចំនួន ៧មុខ រួមមាន៖ ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប,សៀវភៅសម្រាប់អ្នកចុះឈ្មោះបោះឆ្នោត, សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣, ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣, ស្ទីកគ័រ ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត , បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និង កញ្ចប់សារព័ត៌មាន(Press kits)។

យោងតាមប្រតិទិនផ្លូវការរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ចាប់ផ្តើមពីថ្ងៃទី១ ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង