Close

មហាវិថី សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ នឹងសម្រួលចរាចរណ៍ និងបង្ករភាពងាយស្រួលដល់ការដឹកជញ្ជូន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ សង្គម
មហាវិថី សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ នឹងសម្រួលចរាចរណ៍ និងបង្ករភាពងាយស្រួលដល់ការដឹកជញ្ជូន មហាវិថី សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ នឹងសម្រួលចរាចរណ៍ និងបង្ករភាពងាយស្រួលដល់ការដឹកជញ្ជូន

ភ្នំពេញ ៖ មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ នឹងក្លាយជាមុខមាត់ថ្មីនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។

ឯកឧត្ដម បានថ្លែងបន្តថា មហាវិថីនេះ មានប្រវែង ៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ មកកាន់ផ្លូវ ១៣០ត្រង់ផ្លូវទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣ នឹងជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅ ទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុង  ព្រះរាជាណាចក្រកម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានយូរអង្វែង ហើយផ្លូវនេះក៏ជាសសៃឈាមដ៏សំខាន់ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ មានភាពធូធា។

ឯកឧត្តមបន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាំអោយប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ដែលបានធ្វើឱ្យ អ្នកវិនិយោគទុននិងប្រជាពលរដ្ឋមានភាពរីករាយនិងជឿទុកចិត្ត។ នេះជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អរវាងវិស័យឯកជន និងរដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកចំរើនឡើង។


គួរបញ្ជាក់ថា ៖ មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រវែងសរុប ៥.២០០ម៉ែត្រ ទទឹងផ្លូវ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដែលមាន គន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ ។ ប្រព័ន្ឋលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ២០.៤១២ម៉ែត្រ មុខកាត់លូរំដោះទឹកភ្លៀងទំហំ១ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ១ ម៉ែត្រ មានបង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវ ចំនួន៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន ១៣៦៤ដើម៕

អត្ថបទទាក់ទង