ល្ងាចនេះ U23 កម្ពុជា ប្រកួតជាមួយម្ចាស់ផ្ទះថៃ ក្នុងពានរង្វាន់ AFF U23 Championship
(បាល់ទាត់)៖ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែសីហានេះ វេលាម៉ោង ៧៖០០នាទី ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះថៃ ក្នុងពានរង្វាន់ AFF U23 Championship ដោយការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន PTT Stadium។
មែនទែនទៅ នេះជាការប្រកួតចុងក្រោយហើយក្នុងវគ្គសន្សំពិន្ទុ ក្នុងពូល A ខណៈការប្រកួតនៅល្ងាចនេះ ក្រុមគោជំទង់កម្ពុជា ត្រូវការឈ្នះដាច់ខាត់ ដើម្បីអាចឡើងទៅកាន់វគ្គខ្វែង ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
• លទ្ធផលប្រកួតរបស់កម្ពុជា៖
-ប្រកួតទី១ : កម្ពុជា ៥-០ ប្រ៊ុយណេ
-ប្រកួតទី២ : កម្ពុជា ១-១ មីយ៉ាន់ម៉ា។
• លទ្ធផលប្រកួតរបស់ម្ចាស់ផ្ទះថៃ៖
-ប្រកួតទី១ : ថៃ ៣-០ មីយ៉ាន់ម៉ា
-ប្រកួតទី២ : ថៃ ៣-០ ប្រ៊ុយណេ។
បច្ចុប្បន្ន ម្ចាស់ផ្ទះ U-23 ថៃ កំពូលឈរនៅលើកំពូលតារាងក្នុងពូល A មាន ៦ពិន្ទុ, U-23 កម្ពុជា កំពុងឈរលេខ២ មាន ៤ពិន្ទុ, មីយ៉ាន់ម៉ា ឈរលេខ៣ មាន ១ពិន្ទុ ខណៈ ប្រ៊ុយណេ ឈរនៅបាតតារាង គ្មានពិន្ទុរាប់។
គួរបញ្ជាក់ថា ក្រៅតែការប្រកួតរវាងកម្ពុជា ជាមួយថៃ ក្នុងពេលដំណាលគ្នានេះ ក៏មានការប្រកួតមួយគូទៀតផងដែរ ដែលជាការជួបគ្នារវាង ប្រ៊ុយណេ ជាមួយ មីយ៉ាន់ម៉ា ខណៈការប្រកួតធ្វើឡើងក្នុងម៉ោងដំណាលគ្នា ពោលគឺម៉ោង ៨:០០នាទិយប់ នៅកីឡដ្ឋាន PTT Stadium ក្នុងខេត្ត Rayong៕