សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែននោះទេ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនបានផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែននោះទេ ដោយកម្ពុជា គ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឲ្យអ៊ុយក្រែនឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំពោះការដែលកម្ពុជា ជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ ដូច្នេះ សូមកុំឲ្យមានការយល់ច្រឡំឲ្យសោះចំពោះបញ្ហានេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការជួយដល់ភាគីអ៊ុយក្រែនេះ គឺស្របជាមួយនឹងបេសកកម្មរក្សាសន្តិភាពជាច្រើនរបស់កម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្ន មានកងទ័ពកម្ពុជានៅប្រទេសចំនួន៤ដូចជា៖ ម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កម្ពុជាទៅជួយដោះមីនដល់គ្រប់បណ្តាប្រទេសទាំងអស់ដែលស្នើសុំព្រោះមីនគឺជាឃាតករលាក់មុខ ហើយកម្ពុជាសូមស្វាគមន៍ប្រទេសណាក៏ដោយដែលចង់មករៀនដោះមីននៅកម្ពុជា រួមទាំងរុស្ស៊ីផងដែរ៕