Close

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយស៊ីមបាវ៉េ ពិសេសទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយស៊ីមបាវ៉េ ពិសេសទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយស៊ីមបាវ៉េ ពិសេសទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍

(ភ្នំពេញ)៖ កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៉ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរទៅវិញទៅមក និងប្រទេសទី៣ ខណៈស៉ីមបាវ៉េ ក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជា ផងដែរ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោកជំទាវ ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៉ីមបាវ៉េប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

នាឱកាសដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានបង្ហាញអំពីការអភិវឌ្ឍនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងនោះ វិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងលើកស្ទួយឡើងវិញ បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។

នៅឆ្នាំ២០២៣នេះផងដែរ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង ៣.០៣លាននាក់រួចទៅហើយ។

លោកជំទាវឯកអគ្គរដ្ឋទួតក៏បានបញ្ជាក់ដែរថា នៅប្រទេសស៉ីមបាវ៉េ ក៏មានធនធានធម្មជាតិច្រើនដែរ ពិសេសសត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅសំខាន់ ហើយនៅជាប់ទឹកធ្លាក់វិចតូរីយ៉ា ដែលជាគោលដៅទាក់ទាញខ្លាំងមួយ។ តាមរយៈការលើកឡើងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ ចំពោះវិស័យទាំងពីរនេះ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគីស៉ីមបាវ៉េ បានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាពលេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរ អាចនឹងមាន ការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ាន ផងដែរ។

មិនតែប៉ុណ្ណោះ ភាគីទាំងពីរ នឹងរៀបចំជាអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីជាផែនទីសម្រាប់អនុវត្តផែនការសកម្មភាពជាមួយគ្នា ហើយនឹងជួបពិភាក្សាគ្នាបន្ថែមទៀត ក្នុងពេលដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំមហាសន្និបាតនៅប្រទេសអ៊ូបេគីស្ថាន (នៅតំបន់អាស៉ីកណ្ដាល) នៅចុងឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ថា ស៊ីមបាវ៉េជា ប្រទេសគ្មានដីគោកនៅអាហ្វ្រិកខាងត្បូង ដែលត្រូវបានពិភពលោកស្គាល់ថា ជាប្រទេសមានទេសភាពដ៏ស្រស់ស្អាត និងសត្វព្រៃចម្រុះ ដែលភាគច្រើន វាស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់សាហ្វារី។ នៅលើទន្លេ Zambezi មានទឹកធ្លាក់ Victoria ដែលទឹកធ្លាក់នេះមានកម្ពស់រហូតទៅដល់ ១០៨ ម៉ែត្រ។ នៅបាតនៃជ្រោះនេះ គឺជាឧទ្យានជាតិ Matusadona និង Mana Pools ដែលជាជម្រករបស់សត្វកម្រៗគឺ ត្រយ៉ង រមាស និងសត្វស្លាបជាច្រើនប្រភេទទៀត៕

អត្ថបទទាក់ទង