Close

ក្រសួងកសិកម្មពិភាក្សាជាមួយតំណាងប្រទេសឥណ្ឌូនេស៊ី លើការនាំចេញ​អង្ករពីកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មពិភាក្សាជាមួយតំណាងប្រទេសឥណ្ឌូនេស៊ី លើការនាំចេញ​អង្ករពីកម្ពុជា ក្រសួងកសិកម្មពិភាក្សាជាមួយតំណាងប្រទេសឥណ្ឌូនេស៊ី លើការនាំចេញ​អង្ករពីកម្ពុជា

នៅថ្ងៃទី១៥ ខែសីហា កន្លងទៅថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានជួបពិភាក្សា​ការងារជាមួយ​ឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និង​គណៈប្រតិភូនៅទីស្ដីការក្រសួង។

យ៉ាងណាមិញ នេះជាកិច្ចពិភាក្សាដែលធ្វើឡើងតែ៥ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបាន​បញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអ​នុរដ្ឋមន្ដ្រី Pahala Nugraha Mansury បា​នសង្កត់ធ្ងន់ពីការយក​ចិត្ត​ទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែ​ងរក​ទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀង​សម្រាប់ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមបានសង្កត់ធ្ងន់ថា វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី ជាការបញ្ជាក់អំពី​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករ​ដែលមានគុណភាពល្អ ជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយ​ប្រទេសជាសមាជិក​អាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការ​ជួយដល់​មិត្តដែលកំពុងមានតម្រូវការ ហើយក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្ក​ដើម្បីទ្រទ្រង់​ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេសុីជាមិត្ត។ ការងារនេះក៏នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមាន​សហព័ន្ធស្រូវអង្ករ​ជាតួអង្គសំខាន់។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការចាប់អារម្មណ៍របស់ភាគីឥណ្ឌូណេស៊ីក្នុង​ការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាសុីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។ ភាគីឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគ​ផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា កម្ពុជាបើក​ចំហរ​ទ្វារជានិច្ចសម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង