Close

មន្ទីរប៉ង់តាហ្គោន ប្រកាសផ្តល់ជំនួយជាកញ្ចប់អាវុធជុំទី៤៤ឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មន្ទីរប៉ង់តាហ្គោន ប្រកាសផ្តល់ជំនួយជាកញ្ចប់អាវុធជុំទី៤៤ឲ្យអ៊ុយក្រែន មន្ទីរប៉ង់តាហ្គោន ប្រកាសផ្តល់ជំនួយជាកញ្ចប់អាវុធជុំទី៤៤ឲ្យអ៊ុយក្រែន

បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះមន្ទីរប៉ង់តាហ្គោនបានប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃដល់ទៅ២០០លានដុល្លារសម្រាប់ផ្គត់ផ្គង់កងកម្លាំងយោធាអ៊ុយក្រែន ខណៈដែលប្រតិបត្តិការវាយបករុស្សីនៅតែបន្តធ្វើនៅឡើយនោះ។

កញ្ចប់ទាំងនោះរួមមានទាំងគ្រាប់កាំភ្លើងធំរថយន្តយោធាបែបយុទ្ធសាស្ត្រព្រមទាំងឧបករណ៍សំអាតមីនច្រើនប្រភេទនិងជាពិសេសមានទាំងប្រព័ន្ធការពារអាកាសផលិតនៅអាមេរិក Patriot air defense និងក៏ដូចជា HIMARS ផងដែរ។

ក្រៅពីនោះគេសង្កេតក៏ឃើញមានទាំងគ្រាប់កាំភ្លើងសម្រាប់រថក្រោះទំហំ 120mm ផងមីស៊ីល TOW ផងគ្រាប់រ៉ូក្គែត Javelin ជាច្រើននិងគ្រាប់រំសេវនិងគ្រាប់កាំភ្លើងផ្សេងៗប្រមាណទៅដល់១២លានគ្រាប់ផ្សេងទៀត។

គួរឲ្យដឹងដែរថា កញ្ចប់ជំនួយជាយោធាចុងក្រោយនេះត្រូវបានធ្វើឡើងក្នុងពេលដែលកងទ័ពអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបកដើម្បីដណ្តើមទឹកដីដែលរុស្សីបានកាន់កាប់ខុសច្បាប់ក្នុងជម្រៅប្រមាណជា១០០០គីឡូម៉ែត្រនោះមកវិញប៉ុន្តែទោះបីជាយ៉ាងណាក្តីបេសកកម្មនេះកំពុងជួបឧបសគ្គធ្ងន់ធ្ងរបំផុតដោយសារតែយុទ្ធសាស្ត្ររាយមីនយ៉ាងក្រាស់ទៅជារបងការពារយ៉ាងរឹងមាំដែលអ៊ុយក្រែនបានចាត់ទុកថាជាឧបសគ្គដ៏លំបាកបំផុតក្នុងយុទ្ធនាការនេះ។

ទោះបីជាយ៉ាងណាក្តី អ្វីដែលគួរឲ្យកាត់សំគាល់ក្នុងកញ្ចប់ជំនួយយោធាលើកទី៤៤របស់អាមេរិកលើកនេះគិតចាប់តាំងតែពីជម្លោះនៅអ៊ុយក្រែនចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំ២០២២នេះក៏មានបញ្ចូលទាំងឧបករណ៍សំអាតមីនមួយចំនួនផងដែរប៉ុន្តែមិនអាចបញ្ចាក់លំអិតពីប្រភេទនៃឧបករណ៍ឡើយខណៈដែលកាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលវ៉ាស៊ិនតោនធ្លាប់បានផ្តល់ឧបករណ៍សំអាតមីនប្រភេទ M58 ម្តងហើយដែលមានតម្លៃដល់ទៅ៨៩លានដុល្លារ៕

អត្ថបទទាក់ទង