ក្រសួងបរិស្ថានដាក់ឱ្យប្រើប្រាស់កម្មវិធី «ដើរលេងស្រុកយើង» ដើម្បីលើកស្ទួយទេសចរណ៍ក្នុងស្រុក
ក្រសួងបរិស្ថាននារសៀលថ្ងៃទី១៤ ខែសីហា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ ការណ៍នេះត្រូវបានក្រសួងបញ្ជាក់ថា ជាការបញ្ជក់មួយទៀតពីរបត់ថ្មីរបស់សង្គមកម្ពុជាងាករកទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់គ្រួសារ សង្គម ផ្សារភ្ជាប់នឹងបរិស្ថាន។
យ៉ាងណាមិញ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍បានកាន់តែទូលំទូលាយ។
បន្ថែមពីនេះ កម្មវិធីខាងលើក៏នឹងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍នានា និងសម្រួលដល់ការធ្វើដំណើរកម្សាន្តជាមួយនឹងមុខងារសំខាន់ៗ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចាត់ទុកថាកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» មិនត្រឹមតែជាសមិទ្ធផលមួយប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញឱ្យឃើញថាជីវភាពរបស់ប្រជាជនកម្ពុជាបានងាកទៅរកភាពសុខដុមរមនា និងសុភមង្គល មានឱកាសពេញលេញធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិតាមគោលដៅទេសចរណ៍នានា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ ប្រជាជនមានចំណេះដឹងទូលំទូលាយ ចេះចែករំលែក្តីសុខ និងសុភមង្គលតាមរយៈ លម្ហែជាមួយនឹងធម្មជាតិ ព្រមទាំងបានបណ្ដុះស្មារតី ស្រឡាញ់ និងថែរក្សាធនធានធម្មជាតិក្នុងស្រុកទៀតផង។
នេះ គឺជាការឆ្លើយតបមួយទៅនឹងគោលនយោបាយអភិវឌ្ឍន៍អេកូទេសចរណ៍ ក្រោមពាក្យស្លោក «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលនឹងជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិមានភាពប្រសើរឡើងជាលំដាប់ តាមរយៈចំណូលពីភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត រួមចំណែកពង្រឹងជីវភាពសហគមន៍ ដូចជាឱកាសសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ហើយរួមចំណែកកាត់បន្ថយសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ៕
គួរបញ្ជាក់ថា ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក (World Bank) អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន៕