Harry Kane ប្រាប់មូលហេតុដែលសម្រេចចិត្តចែកផ្លូវជាមួយ Spurs ទៅចូលរួមជាមួយ Bayern Munich
(បាលល់ទាត់) ៖ ប្រធានក្រុមអង់គ្លេស កីឡាករ Harry Kane កាលពីថ្ងៃសៅរ៍ បានសម្រេចចែកផ្លូវជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspurs ទៅចូលរួមជាមួយក្លិបយក្សអាល្លីម៉ង់ FC Bayern Munich។
Harry Kane ដែលមានវ័យ ៣០ឆ្នាំ បានផ្លាស់ទៅកាន់ម្ចាស់ជើងឯក Bundesliga បន្ទាប់ពីរយៈពេលជិតពីរទសវត្សរ៍នៅក្លឹប Premier League ជាកន្លែងដែលគាត់ ឈ្នះពានរង្វាន់ជាច្រើន។
Kane បាននិយាយ បន្ទាប់ពីចុះហត្ថលេខាជាមួយ Bayern ថា ៖« ខ្ញុំមានអារម្មណ៍ថា វាដល់ពេលដែលត្រូវចាកចេញហើយ។ ខ្ញុំមិនចង់ចូលទៅក្នុងរដូវកាលជាមួយនឹងការពិភាក្សាអំពីអនាគត ដែលមិនអាចដោះស្រាយបានទេ។ ខ្ញុំនៅពេលនេះ មានអារម្មណ៍សោកសៅដែលបានចាកចេញពីក្លឹប ដែលខ្ញុំបានចំណាយពេលជិត ២០ឆ្នាំនៃជីវិតរបស់ខ្ញុំ តាំងពីក្មេងប្រុស អាយុ ១១ឆ្នាំ រហូតដល់បុរសអាយុ ៣០ឆ្នាំ ឥឡូវនេះ»។
Kane បានបន្តថា ៖ «ខ្ញុំតែងតែចង់ប្រកួតប្រជែងខ្លួនឯងនៅកម្រិតខ្ពស់បំផុត។ ខ្ញុំចង់លេងនៅ Champions League និងប្រជែងពានជារៀងរាល់ឆ្នាំ នោះហើយជាមូលហេតុ ដែលខ្ញុំមក FC Bayern វាជាក្លឹបដ៏ធំបំផុតមួយក្នុងពិភពលោក ដែលផ្តល់ឱកាសនេះឱ្យខ្ញុំ(លេង UCL)»។
គួរបញ្ជាក់ថា Harry Kane បានចាកចេញពី Tottenham ដោយស៊ុតបញ្ចូលទីបាន ២៨០ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៣៥ ប្រកួត ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ក្លឹប ប៉ុន្តែគ្មានពាន។ នៅក្លិបថ្មី Kane នឹងពាក់អាវលេខ៩ ដែលជាអាវធ្លាប់ពាក់ដោយ Robert Lewandowski៕