Ronaldo ស៊ុតបញ្ចូលទី ១គ្រាប់ ជួយឲ្យ Al-Nassr ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Arab Club Champions ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
(បាល់ទាត់)៖ តារាឆ្នើមព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បន្តពង្រីកកំណត់ត្រាស៊ុតបញ្ចូលទីដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់បន្ថែមទៀត នៅពេលស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ ដើម្បីជួយ Al Nassr ឈ្នះ ១-០ លើក្រុម Al Shorta ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Arab Club Cup ខណៈនេះជាការឡើងមកកាន់វគ្គជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រក្លិបចាប់ពីឆ្នាំ១៩៩៥។
ចាប់តាំងពីបើកការស៊ុតបញ្ជូលទីទល់នឹងក្រុម Union Monastirienne, Zamalek និង Raja Casablanca មក Ronaldo នៅតែបន្តធ្វើបានល្អជាបន្តទៀត ដោយកាលពីយប់មិញនេះ CR7 បានបន្តដើរតួជាវីរបុរសជួយឲ្យ Al Nassr កក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Arab Club Champions តាមរយៈគ្រាប់បាល់ជ័យជំនះមួយគ្រាប់របស់អតីតកីឡាករ Manchester United រូបនេះ។ Al Nassr នឹងជួបជាមួយក្រុម Al Hilal ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងការប្រកួតនេះ គេសង្កេតឃើញថា Al Nassr បានដាក់កីឡាករពេញជើងតែម្ដង ដូចជា C.Ronaldo, Sadio Mane, Alex Telles, Brozovic និង Fofana ជាដើម។ ក្នុងការប្រកួតនោះ Al Nassr បានដាក់សម្ពាធយ៉ាងខ្លាំងលើ Al Shorta ហើយនៅនាទីទី៧ C.Ronaldo ស្ទើតែរកគ្រាប់បាល់នាំមុខទៅលើ Al Shorta បានទៅហើយ ប៉ុន្តែខកខានដោយសារបាល់បានត្រឹមប៉ះបង្គោលទី។
ក្នុងការប្រកួតនោះ Mane ក៏មានឱកាសស៊ុតបញ្ជូលទីដែរ ប៉ុន្តែមិនមានសំណាង។ នៅនាទីទី៣១ Ronaldo បានបញ្ជូនបាល់ចូលទៅក្នុងសំណាញ់របស់ Al Shorta។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានពិគ្រោះជាមួយ VAR អាជ្ញាកណ្តាល បានបដិសេធ ដោយសារតែ CR7 ស្ថិតក្នុងស្ថានភាពជំហក្រៅល្បែង (offside)។ ទោះជាយ៉ាងណា នៅនាទីទី ៧៥ ខ្សែការពាររបស់ Al Shorta បានបង្កកំហុស Sadio Mane នៅក្នុងប្រអប់ក្រៅថ្នាក់ ហើយអាជ្ញាកណ្តាល បានផ្តល់បាល់ពិន័យ១១ម៉ែត្រ ដល់ Al Nassr ហើយ Ronaldo ជាអ្នករាប់រងភារៈកិច្ចទាត់បាល់ប៉េណាល់ទី ស៊ុតបញ្ជូលទីបានសម្រេច៕