ឥណ្ឌាចេញបំរាមរាល់ការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិតដ្រូនពីប្រទេសចិនដោយបារម្ភបញ្ហាសន្តិសុខជាតិ
បរទេស ៖ សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធម្សិលមិញនេះបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងដេលីបានប្រកាសហាមឃាត់ក្រុមហ៊ុនផលិតដ្រូនយោធាក្នុងស្រុកទាំងអស់ដាច់ខាតមិនត្រូវប្រើប្រាស់សមាសធាតុដែលនាំចូលពីចិនឡើយ។
មន្ត្រីយោធាឥណ្ឌាក៏ធ្លាប់បានបញ្ជាក់ប្រាប់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុកដែលមានសក្តានុពលទាំងឡាយនៅក្នុងកិច្ចប្រជុំចំនួនពីររួចមកហើយកាលពីដើមឆ្នាំនេះដោយលើកឡើងថា សមាសធាតុដែលទិញពីប្រទេសដែលមានព្រំដែនគោកជាមួយឥណ្ឌានេះនឹងមិនអាចទទួលយកបានឡើយសម្រាប់ហេតុផលសន្តិសុខជាតិ។
ទោះបីជាយ៉ាងណាក្តី បណ្តាសហគ្រាសអ្នកផលិតក្នុងស្រុកបានឆ្លើយតបថាបម្រាមនៃការនាំចូលគ្រឿងបន្លាស់ពីចិនគឺនឹងអាចធ្វើឲ្យតម្លៃថ្លៃដើមនៃសង្វាក់ផលិតកម្មក្នុងស្រុករបស់ឥណ្ឌាកើនឡើងខណៈដែលបច្ចប្បន្នការផ្គត់ផ្គង់គ្រឿងបន្លាស់ និងសមាសធាតុផលិតដ្រូនដល់ទៅ៧០ភាគរយគឺត្រូវពឹងផ្អែកលើការនាំចូលពីចិន។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះបានកើតឡើងចំពេលដែលការរឹតត្បិតផ្សេងទៀតលើផលិតផលចិនដែលត្រូវបានដាក់ជាផ្លូវការដោយរដ្ឋាភិបាលឥណ្ឌា។
កាលពីថ្ងៃទី៣ខែសីហា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាបានប្រកាសរឹតបន្តឹងការនាំចូលកុំព្យូទ័រយួរដៃ ម៉ាស៊ីនបច្ចេកវិទ្យាផ្សេងៗ និងឧបករណ៍ប្រើប្រាស់អេឡិចត្រូនិកជាច្រើនទៀតក្នុងគោលបំណងជំរុញការផលិតក្នុងស្រុកជំនួសមកវិញ។
គួរឲ្យដឹងដែរថា បច្ចុប្បន្នឥណ្ឌាកំពុងឆ្ពោះទៅមុខស្របតាមការជំរុញរបស់នាយករដ្ឋមន្ត្រី Narendra Modi ក្នុងផែនការមេធ្វើទំនើបកម្មយោធាក្រោមកម្មវិធី ដែលមានឈ្មោះថា Make in Indiaដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍សមត្ថភាពផលិតការពារជាតិពីក្នុងស្រុកដោយក្នុងជាក់ស្តែងកន្លងមករដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាចំនួនដល់ទៅ១,៦ទ្រីលានរូពី ឬត្រូវជា ១៩,៧៧ ពាន់លានដុល្លារសម្រាប់ការអនុវត្តឆ្នាំ ២០២៣ និង២០២៤៕