Close

កម្ពុជាមានស្រូវស្តុកជាង៧ម៉ឺនតោន និងអង្ករជាង៩ម៉ឺនតោន ក្នុងរោងម៉ាស៊ីនកិនស្រូវធំៗ​ចំនួន​៥១

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជាមានស្រូវស្តុកជាង៧ម៉ឺនតោន និងអង្ករជាង៩ម៉ឺនតោន ក្នុងរោងម៉ាស៊ីនកិនស្រូវធំៗ​ចំនួន​៥១ កម្ពុជាមានស្រូវស្តុកជាង៧ម៉ឺនតោន និងអង្ករជាង៩ម៉ឺនតោន ក្នុងរោងម៉ាស៊ីនកិនស្រូវធំៗ​ចំនួន​៥១

បើយោងតាមរបាយការណ៍ចេញដោយសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា​ កម្ពុជាមានបរិមាណ​ស្តុកអង្ករ និងស្រូវតាមរយៈរោងម៉ាស៊ីនកិនស្រូវធំៗ ដោយមានស្រូវចំនួន ៧២ ០៨៧ តោន និងអង្ករចំនួន ៩១៦៣៤ តោន។

របាយការណ៍ខាងលើនេះ បានមកពីការប្រមូលទិន្នន័យ និងសម្រង់ព័ត៌មានតាមរោងម៉ាស៊ីនកិនស្រូវ​ចន្លោះថ្ងៃ​ទី៣ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លើរោងម៉ាស៊ីនចំនួន ៥១នៅតាមបណ្ដាខេត្តគោល​ ដៅសំខាន់ៗទូទាំងប្រទេស។

បើតាមរបាយការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមទៀតថា រោងម៉ាស៊ីនកិនស្រូវ​ខ្នាតធំស្ទើរ​តែទាំង​អស់គឺ ផលិតសម្រាប់ការនាំចេញ រីឯផលិតផលដែលសល់ពីការកិនកែច្នៃដូចជា កាចុង​អង្ករ អង្ករបាក់បីកំណាត់ អង្ករគុណភាពទាបដែលមិនត្រូវតាមស្តង់ដារ នឹងត្រូវបាន​បម្រើ​សម្រាប់​ទីផ្សារក្នុងស្រុកសម្រាប់ ជាចំណីអាហារ ចំណីសត្វ និង ការបម្រើឧស្សាហកម្មផ្សេងៗ ដូចជា ធ្វើម្សៅនំបញ្ចុក បិទស ផ្គត់ផ្គង់រោងចក្រស្រាបៀជាដើម។

ក្រៅពីនោះ កន្ទក់ និងអង្កាមក៏ត្រូវបានប្រើ​ប្រាស់ សម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មផ្សេងទៀត ដូចជា ចំណីសត្វ និងចំណីត្រី របស់រោងចក្រចំណី​សត្វ និងអង្កាម សម្រាប់រោងចក្រផលិតស៊ីម៉ងត៍ រោងចក្រអគ្គិសនីដើរដោយថាមពល​កកើតឡើង​វិញផងដែរ។

គួរបញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាសរុប​មានចំនួន ២០៧ សហគ្រាស ដោយមិនគិតរោងម៉ាស៊ីនកិនស្រូវខ្នាតតូច និងសហគមន៍​កសិកម្មនោះឡើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦២ ៧០៨ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥២ នាំចេញទៅកាន់គោលដៅចំនួន ៥២ ប្រទេស។ ក្នុងនោះ ប្រទេសចិន និងហុងកុងបានចំនួន ១៤១ ៩៥០ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០.២៧ លានដុល្លារសហរដ្ឋអាមេរិក។ ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេស បានចំនួន ១៤១ ៣៩៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១០០.៣១ លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅ​កាន់​ប្រទេសសមាជិកអាស៊ានចំនួន ៤ ប្រទេស បានបរិមាណចំនួន ៣០ ១៧១ តោន គិតជាទឹកប្រាក់​ចំនួន ២០.៥៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោល ដៅផ្សេងទៀតនៅអាហ្វ្រិក និងមជ្ឈឹមបូព៌ា៕

អត្ថបទទាក់ទង