ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនមួយគ្រោងបោះទុនវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង
បាត់ដំបង ៖ ក្រុមហ៊ុន Shop Shindou Shigeharu Limited Company ដ៏ធំរបស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ ។
ក្នុងជំនួបពិភាក្សាជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តអិហិមិ ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្តអិហិមិរបស់ប្រទេសជប៉ុន។
អ្នកតំណាងរូបនេះបន្តថា ក្នុងនោះក្រុមហ៊ុនមានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀតមុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបងក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម ។
លោក សុខ លូ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានបំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម។
លោកបន្តថា រដ្ឋបាលខេត្តរង់ចាំការសហការជានិច្ច ព្រោះនេះក៏ជាគោលបំណងរបស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ដោយសារជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ ៕