Close

អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជនដាំដើមឈើ និងស្មៅនៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជនដាំដើមឈើ និងស្មៅនៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ អាជ្ញាធរជាតិអប្សរាសហការជាមួយវិស័យឯកជនដាំដើមឈើ និងស្មៅនៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា រួមគ្នាដាំស្មៅ និងដើមឈើបន្ថែមនៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកឱ្យកាន់តែមានទេសភាពស្រស់បំព្រងគ្រប់រដូវកាល។

ថ្លែងនៅក្នុងពិធីដាំស្មៅ និងដើមឈើនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការងារថែរក្សាសម្បត្តិមរតកវប្បធម៌របស់ជាតិ គឺជាតួនាទីរបស់កូនខ្មែរគ្រប់ៗរូប។ ជាមួយគ្នានេះ ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរា ការងារថែរក្សា ពង្រឹង និងពង្រីកបន្ថែមនូវគម្របព្រៃឈើនៅក្នុងតំបន់អង្គរ និងក្នុងទូទាំងប្រទេសទាំងមូល ក៏ជាការចូលរួមរបស់អាជ្ញាធរជាតិអប្សរាផងដែរ។

ឯកឧត្តបន្តថា ក្នុងមួយឆ្នាំៗ តាមរយៈនាយកដ្ឋានជំនាញបានបណ្តុះកូនឈើរាប់ម៉ឺនដើម ដើម្បីដាំដុះក្នុងតំបន់អង្គរ និងចែកចាញបន្តទៅកាន់ស្ថាប័នរដ្ឋ និងឯកជននានាយកទៅដាំដុះបន្តធ្វើយ៉ាងណាបង្កើនគម្របព្រៃឈើនៅកម្ពុជា។ ឯកឧត្តម អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា ដែលចូលរួមសហការដាំស្មៅ និងដើមឈើនៅក្នុងតំបន់អង្គរ។

លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់គ្រងនាយកដ្ឋានអតិថិជន និងទីផ្សារ នៃក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា បានលើកឡើងថា ការគាំទ្រ និងចូលរួមចំណែកក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅជាមួយអាជ្ញាធរជាតិអប្សរានាពេលនេះ បានដើរស្របគ្នានិងគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការជួយដល់ប្រជាជនកម្ពុជា។

លោកស្រីបន្តថា  ជាពិសេសក្នុងយុទ្ធនាការដាំស្មៅ និងដើមឈើនេះ បានចូលរួមចំណែកបង្កើនគម្របបៃតង ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ព្រោះថា ដើមឈើ និងស្មៅជាទ្រនាបដ៏សំខាន់ក្នុងការទប់ទល់ការបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយភាពសឹករិករឹលនៃប្រាង្គប្រាសាទបុរាណរបស់យើង។

សូមជម្រាបផងថា ក្រោយពេលប្រជាជនមួយចំនួនបានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងផ្តល់ជូន។ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅនៅលើទីតាំងដីទំនេរ ដោយបានគៀរគស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ៕

អត្ថបទទាក់ទង