កម្ពុជាចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក
ភ្នំពេញ ៖ កសិករកម្ពុជា បាន និងកំពុងចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ខណៈជាមធ្យម កសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស ៦ លានតោនសម្រាប់នាំចេញ។
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានលើកឡើងថា ៖ កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក ហើយត្រូវបានហាមមិនឲ្យមានការនាំចេញអង្ករសធម្មតា ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសខ្លួន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ជាមធ្យម កសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស ៦ លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី ៨ នៅលើពិភពលោក។
ទន្ទឹមនឹងនេះ កម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេសថែមទៀត ជាពិសេសតាមរយ:គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ការកសាងសហគមន៍កសិកម្ម ឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយ:យន្តការកិច្ចសន្យាកសិកម្ម គោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទីផ្សារនិងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។
យោងរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៣,៩០១,២១៣.៧៧តោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន ស្រូវចំនួន ១,២២៦,៤០០តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ,៣៤៥,១៨០.៧៧តោន ទៅកាន់ទិសដៅ ៦៧ប្រទេស។