ប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា១៨រូប ចូលរួមទស្សនកិច្ចការបោះជំរំុកាយរឹទិ្ធពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ បានដឹកនាំគណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា ចំនួន១៨រូប ទៅ ចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ។
តាមកម្មវិធីគ្រោងទុក គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមកាយរឹទិ្ធកូរ៉េ អគ្គលេខាធិការអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នាយកការិយាល័យកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមពិធីបើកផ្លូវការនៃការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ និងធើ្វទស្សនកិច្ចដកស្រង់បទពិសោធន៍នៃការរៀបចំបោះជំរំកាយរឹទិ្ធពិភពលោក។
នេះជាលើកទី៦ ហើយដែលកម្ពុជា បានចូលរួមការក្នុងការបោះជំរំុកាយរឹទ្ធិពិភពលោក ហើយសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នាសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរុំ ជាមួយនឹងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កាយរឹទ្ធិជាតិកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសកម្រឹតថ្នាក់ដឹកនាំ ចូលរួមក្នុងពិធីបើក សម្របសម្រួល ពិនិត្យ និងវាយតម្លៃលើការចូលរួម និងការរៀបចំកម្មវិធី៕