យូអិន ថ្កោលទោសអ៊ុយក្រែនករណីវាយប្រហារដោយដ្រូនជាច្រើនដងលើក្រុងមូស្គូ
បរទេស ៖ អគ្គលេខាធិកាអង្គការសហប្រជាជាតិមលោក Antonio Guterres កាលពីថ្ងអង្គារម្សិលមិញនេះបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសអ៊ុយក្រែនចំពោះការវាយប្រហារជាច្រើនដងដោយយន្តហោះដ្រូនទៅលើទីក្រុងមូស្គូ។
សេចក្តីថ្លែងការណ៍ដដែលក៏បានអំពាវនាវផងដែរឲ្យមានការបញ្ចប់ទៅនៃការវាយប្រហារគ្រប់រូបភាពស្រដៀងគ្នានេះទៅលើទីតាំងធ្វើការ និងកន្លែងរស់នៅរបស់ពលរដ្ឋស៊ីវិល ខណៈដែលភាគីខាងរុស្ស៊ីតែងតែហៅថាវាគឺជាសកម្មភាពភេវរកម្មរបស់ប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យរបស់ UN លោក Guterres បានថ្លែងបែបនេះថា ៖ ពួកយើងប្រឆាំងដាច់ខាតចំពោះការវាយប្រហារទាំងឡាយណាដែលអាចប៉ះពាល់ដល់កន្លែងធ្វើការងារ និងរស់នៅរបស់ពលរដ្ឋស៊ីវិលហើយយើងសុំឲ្យពួកគេបញ្ឈប់ទង្វើនេះជាបន្ទាន់។
ការថ្កោលទោសរបស់ UN បានធ្វើឡើងនៅក្រោយមួយថ្ងៃដែលយន្តហោះដ្រូនជាច្រើនគ្រឿងបានសម្រុកចូលវាយប្រហារដល់ទីក្រុងមូស្គូសាជាថ្មីនៅត្រង់សង្កាត់ financial district ហើយជាលទ្ធផលទោះមិនមានអ្នកបាត់បង់ជីវិត ប៉ុន្តែបំណែកយន្តហោះបានធ្វើឲ្យខូចខាតអគារចំនួន២កន្លែង និងរបួសមនុស្សម្នាក់ផងដែរ។
នៅថ្ងៃជាមួយគ្នានេះ អគារផ្សេងមួយចំនួនទៀតបានរងការប៉ះពាល់ក្នុងហេតុការណ៍ស្រដៀងគ្នានេះដោយយន្តហោះដ្រូនចំនួន៣គ្រឿងដែលក្រោយមកត្រូវបានរារាំងបានជោគជ័យដោយប្រព័ន្ធរំខានសញ្ញារបស់កងកម្លាំងទ័ពអាកាសរុស្ស៊ី។
គួរឲ្យដឹងដែរថា ទោះបីជារដ្ឋាភិបាលទីក្រុងគៀវមិនទាន់បានទទួលខុសត្រូវដោយផ្ទាល់ចំពោះសកម្មភាពនេះនៅឡើយក្តី ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃអាទិត្យថា សង្រ្គាមកំពុងវិលត្រលប់ទៅទឹកដីនៃប្រទេសរុស្ស៊ីវិញហើយ៕