បារាំងមានផែនការវាយប្រហារដើម្បីរំដោះប្រធានាធីបតីនីហ្សេរីយ៉ាដែលកំពុងឃុំខ្លួនដោយក្រុមយោធា
បរទេស៖ រដ្ឋាភិបាលនៃប្រទេសនីហ្សេរីយ៉ាដែលកំពុងត្រូវបានទទួលរងនូវការធ្វើរដ្ឋប្រហារដោយយោធាបានប្រកាសផ្តល់សិទ្ធិជូនប្រទេសបារាំងក្នុងការរៀបចំផែនការវាយប្រហារចូលទៅដល់វិមានប្រធានាធិបតីដើម្បីរំដោះមេដឹកនាំស្របច្បាប់របស់ប្រទេសគឺលោក Mohamed Bazoum ដែលកំពុងត្រូវបានចាប់ឃុំខ្លួន។
មុននេះបន្តិចកាលពីថ្ងៃម្សិលមិញនេះដែរក្រុមយោធាក៏បានចេញការព្រមានទុកជាមុនហើយនឹងធ្វើការប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់បរទេសដើម្បីរំដោះលោកប្រធានាធិបតី Bazoum ដែលត្រូវបានរក្សាទុកនៅក្នុងវិមានប្រធានាធិបតីតាំងតែពីថ្ងៃពុធសប្តាហ៍មុនមកម្ល៉េះ។
មេបញ្ជាកំពូលម្នាក់ក្នុងចំណោមមេដឹកនាំដែលធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលស្របច្បាប់នីហ្សេរីយ៉ាម្នាក់បានអះអាងថាបារាំងដែលជាប្រទេសសម្ព័ន្ធមិត្តកន្លងមកក្នុងកិច្ចសហប្រតិបត្តិការវាយប្រហារលើក្រុមភេវរកម្ម Jihad នោះបាន នឹងកំពុងស្វែងរកឳកាសក្នុងការធ្វើអន្តរាគមន៍យោធានៅក្នុងស្ថានភាពនេះ។
គួរឲ្យដឹងដែរថា ប្រធានាធិបតីបារាំងលោក Emmanuel Macron ថ្មីៗនេះបានចេញសេចក្តីប្រកាសថ្កោលទោសរួចទៅហើយចំពោះរដ្ឋប្រហារ និងទាមទារឱ្យមានការដោះលែង អ្នកទោសនយោបាយនិងរៀបចំការបោះឆ្នោតឡើងវិញតាមលទ្ធិប្រជាធិបតេយ្យ។
រដ្ឋប្រហារនៅនីហ្សេរីយ៉ាគឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតនៃការសកម្មភាពយោធាដែលបានកើតឡើងជាបន្តបន្ទាប់នៅក្នុងបណ្តាប្រទេសដែលជាអតីតស្ថិតនៅក្រោមអាណានិគមបារាំង ពីព្រោះថាព្រឹត្តិការណ៍ស្រដៀងគ្នានេះបានកើតឡើងនៅប្រទេសជិតខាងដូចជាប្រទេសម៉ាលី និងប៊ូគីណាហ្វាសូជាដើមរួចទៅហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះពោលគឺនៅចំពេលមានការកើនឡើងនៃចេតនានិងចលនាដើម្បីប្រឆាំងទៅនឹងឥទ្ធិពលរបស់ប្រទេសបារាំងនៅក្នុងតំបន់ទាំងនោះ៕