អាជីវកម្មមួយកន្លែងនៅខេត្តបាត់ដំបង ជំរុញឱ្យបរទេសស្គាល់កម្ពុជាកាន់តែច្បាស់ និងផ្សព្វផ្សាយពីការរស់នៅរបស់ប្រជាជន

ការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីពេលកន្លងទៅបានប៉ះពាល់ជាខ្លាំងដល់វិស័យទេសចរណ៍ ជាពិសេសលើភ្ញៀវអន្តរជាតិ ហើយបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍ នៅឆមាសទី១ឆ្នាំ ២០២៣នេះ ភ្ញៀវអន្តរជាតិដែលចូលមកលេងកម្ពុជាមានការកើនឡើងដល់ ២.៥៧លាននាក់។
ចំនួននេះបានកើនឡើងប្រមាណជា ៤០០% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ខណៈដែលក្រសួងទេសចរណ៍រំពឹងអាចទទួលបានភ្ញៀវអន្តរជាតិរហូតដល់ប្រមាណ ៥លាននាក់ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៣នេះ។
តាមរយៈការងើបឡើងវិញនៃចរន្តភ្ញៀវទេសចរនេះ បានអនុញ្ញាតឱ្យសេវាករចាប់ផ្ដើមទទួលបានការងារធ្វើវិញជាបណ្ដើរៗ ហើយក្នុងចំណោមអាជីវកម្មទេសចរណ៍នៅទូទាំងប្រទេស អាជីវកម្ម Soksabike Tour ជាអាជីវកម្មមួយដែលបានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនឡើងវិញ នៅក្រោយភាពស្ងប់ស្ងាត់នៃជំងឺកូវីដ។
អាជីវកម្មនេះមានទីតាំងនៅក្នុងខេត្តបាត់ដំបង ហើយបានបង្កើតឡើងតាំងពីឆ្នាំ ២០១០។ អាជីវកម្មមួយនេះមានគោលដៅសំខាន់មួយគឺចូលរួមចំណែកក្នុងការជួយសង្គមតាមរយៈការផ្សព្វផ្សាយពី មកបែបផែនរស់នៅរបស់ប្រជាជនខេត្តបាត់ដំបងទៅកាន់ភ្ញៀវអន្តរជាតិ។
អ្នកនាង សម កញ្ញា នាយិកាគ្រប់គ្រងក្រុមហ៊ុន Soksabike បានឱ្យដឹងថា តាមរយៈអាជីវកម្មមួយនេះ អ្នកនាងបានផ្ដល់ឱកាសការងារដល់សិស្ស ដែលមានបំណងចង់ធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងពេលអនាគត ក៏ដូចជាសិស្ស និស្សិតដែលចង់អនុវត្តភាសារបស់ខ្លួន។
អ្វីដែលជាការរួមចំណែកធំបំផុតនោះគឺការផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួន ទៅនឹងផលប្រយោជន៍សង្គម។ ការផ្សារភ្ជាប់នេះគឺធ្វើឡើងតាមរយៈ ការយកសេវាកម្មជិះកង់កម្សាន្ដនៅក្នុងក្រុងបាត់ដំបង និងតំបន់នៅក្បែរៗក្រុង ទៅបម្រើឱ្យអាជីវកម្មខ្មែរផ្សេងៗទៀត។
ត្រង់ចំណុចនេះ អ្នកនាង សម កញ្ញា បានឱ្យដឹងថា ៖ « ចំពោះ Tour គឺយើងនាំភ្ញៀវទៅកាន់ទីជនបទ ដែលមានចម្ងាយប្រហែល ១២គីឡូពីក្រុង ក្នុងនោះដែរ ភ្ញៀវគាត់អាចស្វែងយល់ពីការរស់នៅប្រ ចាំថ្ងៃរបស់បងប្អូនប្រជាជនខ្មែរយើង ក៏ដូចជាអាជីវកម្មធ្វើដោយដៃ ដូចជាការធ្វើសំបកណែម ធ្វើចេកហាល បិទស្រាជាដើម» ។
មិនត្រឹមតែប៉ុណ្ណោះ អាជីវកម្មទេសចរណ៍មួយនេះបានផ្ដល់ជាកញ្ចប់ថវិកាទៅកាន់ក្រុមគ្រួសារ ដែលផ្ដល់ការសហការជាមួយខ្លួនផងដែរ ហើយជាលទ្ធផល មានអាជីវកម្មធ្វើដោយដៃនៅក្នុងតំបន់ ជាច្រើនបានងាកមកសហការជាមួយក្រុមហ៊ុន Tour ខាងលើនេះ។
រហូតមកដល់ពេលនេះ មានក្រុមគ្រួសារ ធនធានមនុស្ស និងអាជីវកម្មប្រពៃណីជាច្រើនដែលទទួលបានផលប្រយោជន៍ទៅដល់សេដ្ឋកិច្ចគ្រួសារពួកគេ។ រីឯអាជីវកម្ម Soksabike ក៏ទទួលបានការគាំទ្រពីសំណាក់ភ្ញៀវអន្តរជាតិ ភ្ញៀវជាតិ ព្រមទាំងអង្គការមួយចំនួនផងដែរ។
បើទោះបីជាយ៉ាងនេះក្ដី អ្នកនាង សម កញ្ញា នៅតែមានគោលដៅបន្តទៀតសម្រាប់ថ្ងៃអនាគតថា៖ « យើងចង់ពង្រីកខ្លួនទៅកាន់ខេត្តដទៃទៀត និងធ្វើការជាមួយសហគមន៍ឱ្យបានច្រើន មួយវិញទៀត យើងចង់ឱ្យភ្ញៀវទេសចរគាត់ស្គាល់ប្រទេសយើងឱ្យបានកាន់តែច្រើន ក៏ដូចជាស្គាល់ពីអរិយធម៌របស់យើង ហើយហេតុអ្វីបានជាគាត់គួរមកលេងប្រទេសយើងផងដែរ»៕