វៀតណាម បញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន ២៦ នាក់ចុងក្រោយ ត្រៀមប្រកួតពានរង្វាន់ AFF U23 Championship 2023
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នៅថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ បានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន ២៦ នាក់ចុងក្រោយ សម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់ VFF នៅថ្ងៃទី២៨ ស្អែកនេះ ក្រុមជម្រើសជាតិវៀតណាម U23 ក្រោមការដឹកនាំរបស់គ្រូបង្វឹក Hoang Anh Tuan នឹងប្រមូលផ្តុំគ្នាជាផ្លូវការ ដើម្បីចាប់ផ្តើមវគ្គហ្វឹកហាត់ត្រៀមការប្រកួតជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ២៦ ខែសីហា។
ការហ្វឹកនេះលើកនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានផ្តល់អាទិភាពដល់ក្រុមយុវជនអាយុក្រោម ២០ឆ្នាំ ពោលគឺមានអាយុជាមធ្យម ១៩ឆ្នាំ។ ក្នុងចំណោមកីឡាករទាំងអស់ មានកីឡាករ ១៧នាក់ ជា U17 ហើយកីឡាករក្មេងជាងគេនៅក្នុងក្រុម បានកើតនៅឆ្នាំ ២០០៧ ខណៈមានកីឡាករតែពីរនាក់ប៉ុណ្ណោះក្នុងក្រុម ដែលកើតនៅឆ្នាំ២០០១ ជាកីឡាករមានអាយុច្រើនជាងគេ។
បើគ្មានអ្វីប្រែប្រួលទេ មុននឹងធ្វើដំណើរទៅថៃ ដើម្បីហ្វឹកហាត់ U23 វៀតណាម អាចនឹងបន្ថែមកីឡាករមួយចំនួន ដើម្បីធានាបានកម្លាំងគ្រប់គ្រាន់ សម្រាប់ប្រជែងពានរង្វាន់ខាងលើនេះ។ រយៈពេលហ្វឹកហាត់នៅប្រទេសថៃ គេរំពឹងថា ក្រុម U23 វៀតណាម នឹងមានការប្រកួតមិត្តភាព ទល់នឹងក្រុម U23 បារែន ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហាខាងមុខនេះ៕