រដ្ឋាភិបាលអាមេរិកព្រមានពលរដ្ឋរបស់ខ្លួននៅអៀរឡង់ជុំវិញបញ្ហាកើនឡើងនៃអំពើហិង្សា
បរទេស ៖ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសអៀរឡង់បានប្រកាសប្រាប់ឲ្យក្រុមទេសចរជនជាតិអាមេរិកទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេស និងអនុវត្តតាមវិធានការសុវត្ថិភាពមួយចំនួន ខណៈដែលរដ្ឋធានីក្រុង Dublin កំពុងជួបប្រទះនឹងការកើនឡើងនៃឧក្រិដ្ឋកម្មបែបហឹង្សា។
សេចក្តីប្រកាសនេះបានកើតឡើងនៅក្នុងពេលដែលអាជ្ញាធរមូលដ្ឋានកំពុងព្យាយាមពង្រឹងកងកម្លាំងប៉ូលីសនៅក្នុងទីក្រុង។សារដាស់តឿនដើម្បីសន្តិសុខនេះបានចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតតាំងតែពីថ្ងៃចន្ទមកម្ល៉េះដោយសង្កត់ធ្ងន់ពលរដ្ឋអាមេរិកត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្លួនឯង និងជៀសវាងការដើរតែម្នាក់ឯង ជាពិសេសនៅពេលយប់ និងចាំបាច់ធ្វើការស្រាវជ្រាវទីតាំងមុនពេលធ្វើដំណើរ។
ពលរដ្ឋសញ្ជាតិអាមេរិកក៏ត្រូវបានស្នើកុំឱ្យដាក់តាមជាមួយនូវគ្រឿងអលង្ការ ឬនាឡិកាថ្លៃៗ និងចៀសវាងការយកលុយច្រើន ឬដាក់លិខិតឆ្លងដែន ព្រមទាំងសាច់ប្រាក់និង ទូរស័ព្ទ ឬវត្ថុមានតម្លៃផ្សេងទៀតដាក់ក្នុងហោប៉ៅ ឬបង្ហាញវានៅតាមទីកន្លែងសាធារណៈផងដែរ។
លើសពីនេះស្ថានទូតក៏បានលើកទឹកចិត្តពលរដ្ឋព្យាយាមលាក់អត្តសញ្ញាណឲ្យបានជិតបំផុតតាមដែលអាចធ្វើទៅបាន ជៀសវាងសូម្បីតែការប្រើប្រាស់ទូរស័ព្ទយូរពេក កំណត់ពេលក្នុងុការប្រើប្រាស់កាសទូរស័ព្ទ ឬកាសស្តាប់ត្រចៀកនៅទីសាធារណៈ និងត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់គ្រឿងស្រវឹងផង ដោយចង្អុលបញ្ជាក់ថា ហេតុការណ៍នៃការឆក់ហោប៉ៅ ឬចោរកម្មទូរស័ព្ទ និងវត្ថុមានតម្លៃផ្សេងទៀតអាចនឹងកើតឡើង។
គួរឲ្យដឹងដែរថា ការជូនដំណឹងនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកទេសចរអាមេរិកម្នាក់ដែលមានឈ្មោះថា Stephen Termini បានទទួលរបួសធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារដោយហិង្សានៅកណ្តាលទីក្រុង Dublin ។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងជួបជាមួយស្នងការប៉ូលិសលោក Drew Harris ដើម្បីពិភាក្សាអំពីការកើនឡើងនៃការវាយប្រហារដោយហិង្សានៅក្នុងប្រទេស ហើយក៏នឹងកំពុងស្វែងរកវិធីដើម្បីជ្រើសរើសមន្ត្រីសន្តិសុខបន្ថែមទៀតផងដែរ៕