Close

ដី ៣០ អា កសិករនៅស្រុកស្អាងម្នាក់រកចំណូលបាន ៥ លានរៀលពីការដាំស្ពៃជ្រក់ដោយប្រើពេលត្រឹមតែ ១ខែកន្លះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ដី ៣០ អា កសិករនៅស្រុកស្អាងម្នាក់រកចំណូលបាន ៥ លានរៀលពីការដាំស្ពៃជ្រក់ដោយប្រើពេលត្រឹមតែ ១ខែកន្លះ ដី ៣០ អា កសិករនៅស្រុកស្អាងម្នាក់រកចំណូលបាន ៥ លានរៀលពីការដាំស្ពៃជ្រក់ដោយប្រើពេលត្រឹមតែ ១ខែកន្លះ

កណ្តាល៖ ដីទំហំ ៣០ អា ប៉ុណ្ណោះ លោក មែ ស៊ីមន មានវ័យជាង៤០ ឆ្នាំ ជាកសិករ ដាំដំណាំស្ពៃជ្រក់ស្ថិតនៅក្នុង ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល រកចំណូលបានប្រមាណ ៥ លានរៀល ដោយប្រើរយៈពេលនៃការដាំដុះត្រឹមតែ ១ ខែកន្លះ ប៉ុណ្ណោះ ។

លោក មែ ស៊ីមន បានរៀបរាប់ថា ការដំាស្ពៃជ្រក់នេះ មិនមានការលំបាកនោះទេ ប៉ុន្តែ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការដំាដុះ ការថែទាំ ការស្រោចទឹកទៀងទាត់ និងដាក់ជី ទៅតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ។ យ៉ាងនេះក្តី ក្នុងការដំាស្ពៃជ្រក់នេះ ដំបូងឡើយ ត្រូវរៀបចំដីឱ្យបានស្អាត និងជ្រើសរើសគ្រាប់ពូជណាដែលល្អ (លេខ ១)។

សម្រាប់ លោក មែ ស៊ីមន បានជ្រើសរើស និងទិញពូជដែលល្អ ដោយលោកទិញមកពីផ្សារ មានតម្លៃ មួយកញ្ចប់ប្រមាណ ៤៤០០០ រៀល យកមកដំានៅលើផ្ទៃដី ៣០ អា ធ្វើឱ្យលោកទទួលបានផលជាទីគាប់ចិត្តដោយប្រើរយៈពេលតែជាង ៥០ថ្ងៃទៅ ៦០ ថ្ងៃប៉ុណ្ណោះ។ នៅពេលដែលទទួលបានផល លោកមិនចាំបាប់កាត់យកទៅលក់នៅឯផ្សារនោះទេ គឺ មានឈ្មួញមកប្រមូលទិញដល់ទីតាំងរបស់លោកដាំដុះតែម្តង។

សម្រាប់ឆ្នាំនេះ លោក មែ ស៊ីមន បានចំណាយថវិកាសរុបប្រមាណជាង ២លានរៀល ទៅលើការទិញជី គ្រាប់ពូជ ចំណាយលើពលកម្ម និងការថែទំាផ្សេងៗក្នុងរយៈពេល ១ខែកន្លះ ប៉ុន្តែ លោក ទទួលបានផលមកវិញប្រមាណ ៥ លានរៀល ពោល លោក មែ ស៊ីមន ទទួលបានផលចំណេញជាថវិកាជាងពាក់កណ្តាលត្រឹមតែ ១ ខែកន្លះប៉ុណ្ណោះ ។

លោក មែ ស៊ីមន បានរៀបរាប់ទាំងញញឹមថា រូបលោកក៏ដូចជាកសិករផ្សេងទៀតបានសម្តែងនូវការសប្បាយចិត្ត ព្រោះ ដំណាំស្ពៃជ្រក់នៅឆ្នាំនេះ មានតម្លៃសមរម្យ ដោយមួយគីឡូមានតម្លៃ ប្រមាណ ៧០០ ទៅ ៨០០ រៀល ដែលធ្វើ ឱ្យពួកគាត់ពេញចិត្តក្នុងការធ្វើបន្តទៀត ។

ជាមួយគ្នានេះលោក មែ ស៊ីមន បានអំពាវដល់ប្រជាពលរដ្ឋផ្សេងទៀតនៅទូទាំងប្រទេសដែលមានដីសមរម្យ ចូលរួមដាំដំណាំស្ពៃជ្រក់នេះ ព្រោះមានភាពងាយស្រួល មិនពិបាកថែទាំ ព្រមទាំងចំណាយលុយតិច ជាពិសេសពេលវេលាដំាដុះក៏ខ្លី នឹងអាចទទួលបានផលច្រើន ៕

អត្ថបទទាក់ទង