ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជួបសំណេះសំណាលផ្តាំផ្ញើទៅកាន់កីឡាករ សៀង ចន្ធា ក្នុងឱកាសចេញទៅប្រកបអាជីពនៅលីគកាតា
(បាល់ទាត់)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃ សុក្រ ទី២១ ខែកក្កដានេះ បានជួបសំណេះសំណាលផ្តាំផ្ញើទៅកាន់កីឡាករ សៀង ចន្ធា អតីតយុវជនសាលាបាល់ទាត់ជាតិបាទី ដែលបានចាប់ផ្ដើមអាជីពខ្លួននៅទីនោះពីឆ្នាំ២០១៤ ក្នុងឱកាសចេញទៅប្រកបអាជីពនៅលីគទី២ របស់ប្រទេសកាតា និងជាកីឡាករទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទៅប្រកបអាជីពនៅលីគនៃប្រទេសកាតា ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជូនពរឲ្យកីឡាករ សៀង ចន្ធា ទទួលបានជោគជ័យ សម្រាប់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។ ក្នុងពេលប្រកបអាជិពនៅប្រទេសកាតា ត្រូវពង្រឹងគុណភាពខ្លួនឯង បង្កើនសមត្ថភាពនៃការលេង ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជានាពានរង្វាន់ផ្សេងៗនៅពេលខាងមុខ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៩ កក្កដា លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានបញ្ជាក់ពីមូលហេតុ ដែលពុំមានវត្តមានរបស់ខ្សែប្រយុទ្ធសៀង ចន្ធា ចូលរួមជាមួយក្រុមក្នុងដំណើរប្រកួត Pre-season នៅថៃ ព្រោះត្រូវត្រៀមចេញទៅលេងនៅលីគកាតា ក្រោមកិច្ចសន្យាខ្ចីពីបឹងកេត។
លោកស្រីបញ្ជាក់បន្ថែមថា សៀង ចន្ធា នឹងចេញដំណើរនៅថ្ងៃទី២២ កក្កដានេះ ដើម្បីឱ្យទាន់ដំណើរ Pre-season របស់ក្លិបថ្មីនៅកាតារ ដែលត្រូវចេញទៅ Pre-Season នៅអឺរ៉ុប៕