Close

អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត និយាយពីការចេញទៅប្រកបអាជីពនៅក្រៅប្រទេស របស់ សៀង ចន្ធា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ កីឡា
អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត និយាយពីការចេញទៅប្រកបអាជីពនៅក្រៅប្រទេស របស់ សៀង ចន្ធា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត និយាយពីការចេញទៅប្រកបអាជីពនៅក្រៅប្រទេស របស់ សៀង ចន្ធា

អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត លោក បែរ មករា កាលពីម្សិលមិញនេះ បានចេញមុខនិយាយអំពីដំណឹងនៃការផ្លាស់ទៅលេងលីគក្រៅប្រទេសរបស់ខ្សែរប្រយុទ្ធឆ្នើម កីឡាករ សៀង ចន្ធា បន្ទាប់ពីមានការបញ្ជាក់ពីម្ចាស់ក្លិប លោកស្រី ពុធ ធីតា។

លោក បែរ មករា បានបង្ហោះសានៅលើកហ្វេសបុកផ្ទាល់ខ្លួនរបស់លោកដោយរៀបរាប់យ៉ាងវែងអន្លាយថា ៖ «ជាច្រើនរដូវកាលចុងក្រោយនេះ សៀង ចន្ធា ជាកីឡាករសំខាន់បំផុតម្នាក់ក្នុងជម្រើស ១១នាក់ដំបូងរបស់បឹងកេតនៅក្នុងការប្រកួតប្រជែងពានរង្វាន់នានា ទាំង Cambodian Premier League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ ក្នុងបាល់ទាត់ ដើម្បីឈ្នះការប្រកួត យើងត្រូវទាត់ឱ្យចូលទីគេ ហើយដើម្បីទាត់ចូលទីគេបាន យើងត្រូវការខ្សែប្រយុទ្ធល្អ។ ចន្ធា គឺជាម្នាក់ក្នុងចំណោមនោះ។ ប៉ុន្តែបឹងកេត មិនគិតប្រយោជន៍របស់ខ្លួនធំជាងប្រយោជន៍ជាតិ និងកីឡាករនោះទេ»។

អគ្គលេខាធិការរូបនេះ បានបន្តថា៖ «តាំងពីដើមមក នៅពេលមានឱកាសល្អ សម្រាប់កីឡាករមកដល់ បឹងកេត មិនដែលរារាំងឡើយ ផ្ទុយទៅវិញ បឹងកេត មានតែលើកទឹកចិត្តថែម ជំរុញថែមឱ្យកីឡាកររបស់ខ្លួនបានចេញទៅប្រកបអាជីពនៅក្រៅប្រទេស ទៅដល់លីគដែលល្បីជាង ខ្លាំងជាង ដើម្បីលើកស្ទួយមុខមាត់បាល់ទាត់កម្ពុជា ជ្រោងទង់ជាតិកម្ពុជា ឱ្យបក់រវិចនៅលើឆាកអន្តរជាតិ ដើម្បីឱ្យអន្តរជាតិស្គាល់អំពីសក្ដានុពលកម្ពុជាកាន់តែច្រើនឡើង»។

លោកបានបន្តទៀតថា៖ «ជាមួយគ្នានេះ បឹងកេតចង់ឱ្យកីឡាករបាល់ទាត់កម្ពុជាឡើងកម្រិតស្តង់ដាកាន់តែខ្ពស់ ក្លាយជាតួអង្គគំរូសម្រាប់យុវជនជំនាន់ក្រោយឱ្យមានក្ដីសុបិនធំនិងក្លាហាន ហ៊ានស្រមៃ និងអាចបោះជំហានវែងបានដល់ទីកាន់តែខ្ពស់នៅលីគក្រៅប្រទេសបានកាន់តែច្រើន។ កន្លងទៅ បឹងកេត បានធ្វើវាជាមួយកីឡាករ ចាន់ វឌ្ឍនាកា ក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលលេងនៅជប៉ុន»។

លោកបានបន្ថែមទទៀតថា ៖ «ឥឡូវនេះយើងធ្វើវាម្ដងទៀតជាមួយ សៀង ចន្ធា ឱ្យក្លាយជាកីឡាករកម្ពុជាដំបូងបង្អស់ ដែលបានទៅលេងនៅលីគក្នុងប្រទេសកាតា ខណៈនៅរង់ចាំការធ្វើតេស្តសុខភាពមួយដំណាក់កាលទៀត។ នៅពេលតេស្តសុខភាពជោគជ័យ នៅទីនោះ ចន្ធា នឹងបានហាត់ជាមួយកីឡាករល្អៗ គ្រូបង្វឹកពូកែៗ លេងទល់នឹងក្រុមខ្លាំងៗ សម្រាប់ជាជំហានក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត ដែលអាចឱ្យគេឡើងកម្រិតទៅលេងនៅលីគកាន់តែខ្ពស់និងកាន់តែធំ»។

ជាចុងក្រោយ លោកបានលើកឡើងថា ប្រសិនអ្វីៗជោគជ័យ ខ្ញុំសង្ឃឹមថា យុវជនទាំងឡាយដែលកំពុងហាត់បាល់ទាត់នឹងកាន់តែមានភាពក្លាហានក្នុងការស្រមៃឱ្យធំ សំដៅឱ្យខ្ពស់ ដែលជាកម្លាំងចិត្តនៅក្នុងការប្រឹងប្រែងរបស់ពួកគេ និងមានកីឡាករខ្មែរគំរូល្អកម្រិតខ្ពស់សម្រាប់ពួកគេខិតខំតាម។ សូមជូនពរឱ្យ ចន្ធា ទទួលបានជោគជ័យនៅក្នុងបេសកកម្មថ្មីនិងធំមួយនេះ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក បែរ មករា បានកើតឡើងបន្ទាប់ពីលោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា បានបញ្ជាក់ថា សៀង ចន្ធា ត្រៀមចេញទៅលេងនៅលីគកាតា ក្រោមកិច្ចសន្យាខ្ចីពីបឹងកេត រយៈពេលមួយរដូវកាល ហើយ ចន្ធា នឹងចេញដំណើរនៅថ្ងៃទី២២ ខែកក្កដានេះ៕

អត្ថបទទាក់ទង