Close

គ.ជ.ប ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីប្រទេសជប៉ុន ៧ រូប

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីប្រទេសជប៉ុន ៧ រូប គ.ជ.ប ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីប្រទេសជប៉ុន ៧ រូប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុនចំនួន ៧រូប ដែលបានអញ្ជើញមកចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ថ្លែងក្នុងបានទទួលជួបលោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុនរួមទាំងសហការីចំនួន ៧រូប ដើម្បីសម្តែងការគួរសម និងស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។

ឯកឧត្តមបានបន្តថា នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង និងបានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ រហូតមកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល និងអសកល ចំនួន ១៦ លើករួចមកហើយ។

ឯកឧត្តមក៏បានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃការបោះឆ្នោតដើម្បីឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានយល់ ដែលរួមមាន៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត និង ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តម ហង្ស ពុទ្ធា បានពន្យល់បន្ថែមអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ។

លោក ណាអូតូ សាកាហ្គុជិ បានថ្លែងអំណរគុណដល់ក្រុមអ្នកនាំពាក្យ គ.ជ.ប  ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តជាតិមកពីប្រទេសជប៉ុន ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។ លោក ណាអូតូ សាកាហ្គុជិ បានរំលឹកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ ឆ្នាំ កន្លងមកនាសម័យកាលអ៊ុនតាក់ និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួន ២ អាណត្តិ។

លោកបានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុននៅពេលនេះ មិនមែនចូលរួមក្នុងនាមរដ្ឋាភិបាលជប៉ុនទេ គឺក្រុមរបស់លោកមកតាមអង្គការមិនមែនរដ្ឋាភិបាលដែលមានទីស្នាក់ការនៅប្រទេសជប៉ុន ហើយជំនួបនៅពេលនេះ លោកចង់ស្វែងយល់ និងមានសំណួរមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ។

ជាការឆ្លើយតប ឯកឧត្តម ហង្ស ពុទ្ធា បានសង្ឃឹមថា តាមរយៈអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលមានលោក ណាអូតូ សាកាហ្គុជិ នឹងជួយជម្រាបអំពីតម្រូវការរបស់ គ.ជ.ប ជូនរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៦ ដោយហេតុថាសម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ។

បើតាម ឯកឧត្តម ហង្ស ពុទ្ធា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០ នាក់ បើប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមក មានចំនួនជាង ៥០០នាក់តែប៉ុណ្ណោះ។ ចំពោះហេតុផលដែលគណបក្សនយោបាយចំនួន ២ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយសារគណបក្សមិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងតាមនីតិវីធី។ រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើសកម្មភាពតាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនាបោះឆ្នោត ដែលគិតមកដល់ពេលនេះមានរយៈពេល ២០ ថ្ងៃហើយ៕

អត្ថបទទាក់ទង