ប្រវត្តិសាស្រ្តថ្មី! សៀង ចន្ធា ក្លាយជាកីឡាករកម្ពុជាដំបូងគេ ផ្លាសទៅលេងនៅប្រទេសកាតា
កាលពីយប់ម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានបញ្ជាក់ច្បាស់ៗថា តារាឆ្នើមវ័យក្មេង សៀង ចន្ធា នឹងផ្លាស់ទៅប្រកបអាជីពនៅក្នុងប្រទេសកាតា ដែលទើបតែធ្វើជាម្ចាស់ផ្ទះ World Cup 2022 ខណៈ ចន្ធា ជាកីឡាករដំបូងគេហើយរបស់កម្ពុជា ដែលបានផ្លាស់ទៅលេងនៅប្រទេសអ្នកមានមួយនេះ។
លោកស្រី ពុធ ធីតា បានប្រាប់មកកាន់កាសែតក្នុងស្រុកមួយថា ៖ « មូលហេតុដែល សៀង ចន្ធា មិនបានចូលរួមជាមួយបឹងកេត ទៅប្រកួតមិត្តភាព Pre-seasonក្នុងប្រទេសថៃ ដោយសាររូបគេត្រូវត្រៀមខ្លួនទៅលេងនៅលីគបាល់ទាត់ក្នុងប្រទេសកាតា ហើយការចចារបានធ្វើឡើងជាងមួយខែមកហើយ»។
លោកស្រីបានបន្តថា ៖ «ពេលនេះឯកសារបានរៀបចំរួចរាល់អស់ហើយ សម្រាប់ ចន្ធា ហើយការផ្លាស់ទៅលេងនេះ ក្នុងកិច្ចសន្យាខ្ជីជើងរយៈពេលមួយឆ្នាំ។ ចន្ធា នឹងធ្វើដំណើរទៅកាន់ប្រទេសកាតា នៅថ្ងៃទី២២ ខែកក្កដា ខាងមុខនេះ »។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកួតចាញ់ក្រុម Port FC សមាជិកលីគកំពូលថៃ ក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន Pat Stadium៕