Close

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា ថ្ងៃទី ២១-២៤កក្កដា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា ថ្ងៃទី ២១-២៤កក្កដា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា ថ្ងៃទី ២១-២៤កក្កដា

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ (Guinea-Bissau) គឺឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេម (Nuno Gomes Nabiam) នឹងអញ្ជើញមកកម្ពុជាដើម្បីបំពេញទស្សនកិច្ចការងារពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣។

ការអញ្ជើញមករបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋហ្គីណេប៊ីសាវនាពេលឆាប់ៗខាងមុខនេះ គឺជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅ។

ដោយឡែក នៅក្នុងអំឡុងពេលនៃទស្សនកិច្ច ឯកឧត្តម នូណូ ហ្គូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួប សម្ដែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី និងចូលរួមកម្មវិធីអាហារពេលល្ងាចការងារ ដែល​រៀបចំ​ដោយសម្តេចតេជោ។

ជំនួបនេះនឹងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំទាំងពីរ ក្នុងការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្ដល់ផល​ប្រយោជន៍​​ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍​និងក្តីបារម្ភរួម។

ជាមួយគ្នានេះ ឯកឧត្តម នូណូ ហ្វូមេស ប៊ីអេ ក៏នឹងជួបសន្ទនាផងដែរជាមួយ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម នឹងចូលរួមសង្កេតការណ៍ ដោយផ្ទាល់ នៅក្នុងការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជាការ​ផ្លាស់​ប្ដូរបទ​ពិសោធន៍ស្តីពីការបោះឆ្នោតនៅកម្ពុជា។

ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម មកកាន់ កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តរវាងប្រទេសទាំងពីរ ព្រម ទាំងនឹងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

គួរជម្រាបថា Guinea-Bissau គឺជាប្រទេសត្រូពិចមួយដែលស្ថិតនៅលើឆ្នេរសមុទ្រអាត្លង់ទិក នៃទ្វីប​អាហ្រ្វិកខាងលិច និងត្រូវបានគេស្គាល់តាមរយៈឧទ្យានជាតិ និងសត្វព្រៃ។ ប្រទេសនេះធ្លាប់នៅ​ក្នុងអាណានិគមព័រទុយហ្គាល់ ដែលមកដល់បច្ចុប្បន្នភាសាផ្លូវការរបស់ប្រទេស​នេះគឺ ព័រទុយហ្គាល់។

ប្រទេសនេះគឺជាសមាជិកនៃ៖ អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចនៃរដ្ឋ​អាហ្វ្រិកខាងលិច អង្គការសហប្រតិបត្តិការឥស្លាម សហគមន៍នៃបណ្តាប្រទេសភាសាព័រទុយហ្គាល់ អង្គការ Internationale de la Francophonie តំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការអាត្លង់​ទិកខាងត្បូង៕

អត្ថបទទាក់ទង